ខេត្តបន្ទាយមានជ័យ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ បានបញ្ជូនជនសង្ស័យចំនួន១១នាក់ និងវត្ថុតាងទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១ និង១៥នាទីយប់ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមផេក និងគេហទំព័រ នាយកដ្ឋានផ្សព្វផ្សាយអប់រំ ។
សូមបញ្ជាក់ថា ក្នុងករណីហិង្សានេះបង្កឡើង ដោយជនសង្ស័យមួយក្រុម មានគ្នាប្រហែល៣០នាក់ ជិះរថយន្តចំនួន០៣គ្រឿង ទៅអង្គុយផឹកស៊ីនៅហាងABCក្នុងផ្សាររាត្រីទឹកពុះ ដែលមានទាំងជនជាតិខ្មែរ និងជនជាតិថៃចំនួន ០៥នាក់ ។ ក្នុងពេលពួកគេកំពុងផឹកស៊ីនោះ ក្រុមជនរងគ្រោះក៏ទៅដល់កន្លែងផឹកស៊ីដែរ មួយសន្ទុះក្រោយមកក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើហិង្សា ដោយយកដបស្រា និងកែវជាច្រើន គប់ទៅលើក្រុមជនរងគ្រោះ ។ ភ្លាមនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើអន្តរាគមន៍ តែក្រុមជនសង្ស័យមិនស្ដាប់តាម ហើយបន្តគប់ដបស្រា និងកែវ ព្រមទាំងដេញវាយទៅលើក្រុមជនរងគ្រោះនិងកម្លាំងអាវុធហត្ថថែមទៀត បន្ទាប់មកក្រុមជនសង្ស័យបានប្រើប្រាស់កាំភ្លើងខ្លី (ពុំស្គាល់ម៉ាក) បាញ់មកលើកម្លាំងអាវុធហត្ថ បណ្ដាលឲ្យអាវុធហត្ថម្នាក់រងរបួសធ្ងន់ ក្រៅពីនេះកម្លាំង អាវុធហត្ថ០២នាក់ទៀត រងរបួសស្រាលដោយសារត្រូវនឹងកែវស្រាដែលពួកជនសង្ស័យគប់មកលើ ។ ក្រុមជនសង្ស័យនៅតែបន្តវាយមកលើសមត្ថកិច្ច ក្រោយមកទើបកម្លាំងបានសម្រេចចិត្តបាញ់កាំភ្លើងតបតវិញ ដើម្បីការពារខ្លួន ទើបបណ្ដាលឲ្យខាងជនសង្ស័យរងរបួសម្នាក់ចំជើង ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ដោយឃើញសភាពការណ៍ដូច្នេះ លោកបានរាយការណ៍ជូនឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានសុំគោលការណ៍ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះបង្រ្កាបករណីខាងលើនេះ ដោយឃាត់ខ្លួនក្រុមជនបង្កជាបន្តបន្ទាប់បានចំនួន១១នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន រថយន្តម៉ាកឡិចស៊ីស NX200T ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា CND 7677ចំនួន០១គ្រឿង រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ កម្ពុជា CNE 7677 ចំនួន០១គ្រឿង បំពង់ទីបដែកប្រវែង១១០សង់ទីម៉ែត្រ ចំនួន០១ដើម កាំបិតប៉័ងតោដងឈើចំនួន០២ដើម កាំបិតចុងស្រួចចំនួន០១ដើម ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រាប់ឲ្យដឹងទៀតថា ជនសង្ស័យទាំង១១នាក់ នៅចំពោះមុខសមត្ថកិច្ច បានឆ្លើយសារភាពថា ពួកគេមានគ្នាចំនួន២០នាក់ បាននាំគ្នាជិ:រថយន្ត០២គ្រឿងដែលមានភិនភាគខាងលើ ព្រមទាំងម៉ូតូចំនួន០២គ្រឿងទៀត ពិតជាបាននាំគ្នាទៅផឹកស៊ីក្នុងហាងនោះពិតប្រាកដមែន ហើយបានបង្កជម្លោះទៅលើក្រុមម្ខាងទៀត ក្រោយមកសមត្ថកិច្ចកងរាជអាវុធហត្ថបានចុះមកអន្តរាគមន៍ ពួកគេក៏បានធ្វើការតដៃជាមួយសមត្ថកិច្ចទៀត ប៉ុន្តែពួកគេមិនបានដឹងថា ក្រុមរបស់គេអ្នកណាមានកាំភ្លើងបានបាញ់ទៅលើសមត្ថកិច្ចនោះទេ ។ ចំណែកបក្ខពួកជនបង្ក០៩នាក់ផ្សេងទៀត ដែលរត់គេចខ្លួន កម្លាំងកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ៕