ឈ្លោះគ្នាជាមួយប្រពន្ធទិញសាំងមកដុតផ្ទះ បែរជាឆេះដោយផ្ទះគេជិតខាង ត្រូវគេប្តឹងសមត្ថកិច្ចឲ្យចា..ប់ខ្លួន និងទាមទារសំណង អនុវត្តតាមច្បាប់
សន្តិសុខសង្គម
163

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយទិញសាំង យកមកដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកដ៍ទៃ ខ្ទេចគ្មានសល់ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះទី១ ឈ្មោះ ហ៊ុន ឡាង ភេទប្រុស អាយុ៤៨ឆ្នាំមុខរបរ កងរាជអាវុធហត្ថ ទីលំនៅផ្ទះលេខ៤០ ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និង ជនរងគ្រោះទី២ ឈ្មោះ ម៉ិច ស៊ីខួច ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ ទីលំនៅផ្ទះលេខ៤២ ផ្លូវលំ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យដេលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរយោធា ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) បណ្តាលឲ្យឆេះខូចខាតផ្ទះថ្មក្រោម ឈើលើ ប្រក់ស័ង្កសី ចំនួន០២ខ្នង និងផ្ទះថ្មអស់មួយចំហៀនចំនួន០១ ល្វែង ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩យប់ ជនសង្ស័យឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ និងក្រុមគ្រួសារ អំពីរឿងជនសង្ស័យបានយកម៉ូតូកង់បីឥណ្ឌា ដែលក្រុមគ្រួសារបានទិញឱ្យប្រកបរបរដឹកភ្ញៀវ ទៅដាក់បញ្ជាំ យកលុយចំនួន ១០០ ដុល្លារអាមេរិក ទៅលេងល្បែងស៊ីសង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ហើយនៅវេលាម៉ោង១១និង១០នាទី យប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យខឹងក្រុមគ្រួសារ ដែលបានយកលុយទៅលោះម៉ូតូកង់បីឥណ្ឌាត្រឡប់មកវិញហើយ មិនបានប្រគល់ម៉ូតូកង់បីឥណ្ឌាឱ្យរូបគេយកទៅដឹកភ្ញៀវវិញ ក៏បានទៅទិញសាំង ពីស្ថានីយ៍ឥន្ធនៈតេលា ផ្លូវវេងស្រេង ក្បែរទីបញ្ជារការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួនកន្លះលីត្រ យកមកចាក់លើការ៉ូក្នុងផ្ទះរបស់គេ (ជនសង្ស័យ) ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បន្ទាប់មកជនសង្ស័យក៏បានយកដែកកេះដុតសាំងនោះ បណ្តាលឱ្យភ្លើងឆាបឆេះសន្ធោរសន្ធៅ ឆេះផ្ទះរបស់ជនសង្ស័យ ដែលសង់អំពីថ្មខាងក្រោម និងឈើខាងលើ ប្រក់ដំបូលស័ង្កសី ទំហំ ៥ ម៉ែត្រ គុណ ១៥ ម៉ែត្រ អស់ចំនួន០១ខ្នង ហើយក៏បានរាលដាលទៅឆេះដល់ផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ហ៊ុន ឡាង ភេទប្រុស អាយុ៤៨ឆ្នាំ ដែលសង់ អំពីថ្មខាងក្រោយ និងឈើខាងលើ ប្រក់ដំបូលស័ង្កសី ដែរ មានទំហំ ៧ម៉ែត្រ គុណ ១៧ម៉ែត្រ អស់ចំនួន០១ខ្នងទៀត រួចធ្វើឲ្យអណ្តាតភ្លើង ឆេះរោលខូចខាតផ្ទះថ្មរបស់ជនរងគ្រោះឈ្មោះ ម៉ិច ស៊ីខួច ភេទស្រី អាយុ៣០ឆ្នាំ អស់មួយចំហៀង ថែមទៀត ។ ហើយនៅពេលដែលមានអគ្គីភ័យកំពុងឆេះនោះ សមត្ថកិច្ចបានហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០៥គ្រឿង និងក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ឱ្យជួយអន្តរាគមន៍ពន្លត់អគ្គីភ័យខាងលើ រហូតដល់វេលាម៉ោង១២យប់ ថ្ងៃខែឆ្នាំដដែល ទើបបានពន្លត់អគ្គីភ័យខាងលើ រលត់ទាំងស្រុង ហើយ សមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ តាមនីតិវិធីច្បាប់ ។

លុះនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជនរងគ្រោះឈ្មោះ ហ៊ុន ឡាង និងឈ្មោះ ម៉ិច ស៊ីខួច ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីទាមទារសំណងខាងខូចខាត និងសុំឲ្យសមត្ថកិច្ចចាត់ការជនសង្ស័យទៅ តាមផ្លូវច្បាប់តែម្តង ៕ មេសា


Telegram