ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាព លួចម៉ូតូរបស់ប្រជាពលរដ្ឋដែលជិះមកផ្លាស់គោ នៅចំណុចស្តុកត្នោត ស្ថិតក្នុងភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានប្រជាពលរដ្ឋ និងប្រជាការពារ រួមគ្នាស្ទាក់ចាប់បាន បញ្ជូនឲ្យអោយចាត់ការតាមនីតិវិធីច្បាប់ កាលពីវេលាម៉ោង០៤និង១០នាទី កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា បើតាមការរៀបរាប់របស់បងស្រី ឈ្មោះ ប៊ុន រៀម ភេទស្រី អាយុ៤៧ឆ្នាំ ជាម្ចាស់ម៉ូតូរស់នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា មុនពេលកើតហេតុបងស្រីបានជិះ របស់ខ្លួន ម៉ាក វ៉េវអាល់ហ្វា ពណ៌ទឹកសមុទ្រ ផលិតឆ្នាំ២០១៧ គ្មានស្លាកលេខ គ្មានពន្ធ ទៅចំណុចស្តុកត្នោត ដើម្បីផ្លាស់គោ ដោយទុកម៉ូតូក្បែរដើមឈើចម្ងាយពីផ្លូវជាតិលេខ៥៥ ប្រហែល១០ ម៉ែត្រ ហើយពុំបានដកសោរចេញពីម៉ូតូយកទៅជាមួយឡើយ លុះពេលបងស្រីផ្លាស់ចំណងគោបានចំនួន០២ក្បាល ក៏ងាកមករកម៉ូតូ ស្រាប់តែឃើញបុរសម្នាក់ពាក់អាវក្រឡាការ៉ូពណ៌ស ស្លៀកខោជើងវែងពណ៌ខ្មៅ ស្ពាយកាបូបពណ៌ខ្មៅ ដៃកាន់មួកសុវត្ថិភាពពណ៌ស ឆ្នូតក្រហម លួចម៉ូតូជិះចេញឆ្ពោះមកទិសខាងកើត តាមបណ្ដោយផ្លូវជាតិលេខ៥៥ ឃើញដូច្នេះខ្លួនក៏ស្រែកឱ្យអ្នកស្រុកអ្នកភូមិជួយដេញតាម ក្រោយធ្វើសកម្មភាពជិះគេចបានចម្ងាយប្រហែល១គីឡូម៉ែត្រ ជនសង្ស័យខាងលើបានជិះម៉ូតូចូលទៅលាក់ទុកក្នុងចំការដំឡូង រួចដើរឡើងមករកផ្លូវជាតិវិញ។
បន្ទាប់មកជនសង្ស័យដើរទៅទិសខាងកើតចូលទៅសុំទឹកផឹកនៅផ្ទះឈ្មោះ វ៉ន វីន ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញន ខេត្តពោធិ៍សាត់ ដោយឃើញម្ចាស់ផ្ទះជាកូនក្មេង ហើយកំពុងតែអានសៀវភៅរៀន ពេលផឹកទឹករួច ជនសង្ស័យនេះបានដោះអាវក្រៅ ក្រឡាការ៉ូពណ៌សរចេញ ដាក់ក្នុងកាបូបពណ៌ខ្មៅ នៅអាវមួយជាន់ទៀតពាក់ខាងក្នុង គឺអាវដៃវែងពណ៌ស្វាយឆ្នូតសរ ហើយក៏ដើរចេញពីផ្ទះឈ្មោះ វ៉ន វីន ដោយមានការសហការគ្នារវាងជនរងគ្រោះបងប្អូនអ្នកស្រុកអ្នកភូមិ និងកម្លាំងប្រជាការពារ ដេញតាមមិនឈប់ ជនសង្ស័យក៏ត្រូវពួកគាត់ចាប់បាន ក្រោយដើរចេញពីផ្ទះឈ្មោះ វ៉ន វីន បានប្រហែល១០០ម៉ែត្រ រួមប្រគល់ជនសង្ស័យជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោង ។
លោកវរសេនីយ៍ត្រី គឹម វិចិត្រ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ូច ដារ៉េន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអូរក្រសារ ឃុំអូរក្រសារ ស្រុកដំណាក់ចង្អើ ខេត្តកែប ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារ ចាប់ឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ច ដោយប្តឹងពីបទលួច។
លោកអធិការរង បានបន្តថាដោយទទួលបានបញ្ជាពី ឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បច្ចុប្បន្នជនសង្ស័យឈ្មោះ អ៊ូច ដារ៉េន ត្រូវបានសមត្ថកិច្ចនគរបាល កសាងសុណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕