រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ ឲ្យដឹងថា ក្រោយការចុះពិនិត្យ និងស្រាវជ្រាវ ជាក់ស្តែង រកឃើញថា ករណីនេះ មិនមែនជាករណីបង្ខាំងមនុស្សខុសច្បាប់នោះទេ គឺជាករណីជម្លោះរវាងភាគីម្ចាស់ផ្ទះ ខឹងនឹងអ្នកជួល ដោយមិនបានបង់ថ្លៃជួលតាមកិច្ចសន្យា ម្ចាស់ផ្ទះបានមកចាក់សោរពីខាងក្រៅ ដោយពុំបានដឹងថាមានអ្នកអនាម័យ២នាក់នៅខាងក្នុងនោះទេ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ក្រោយទទួលបានព័ត៌មាន ម្ចាស់ផ្ទះក៏បានមកចាក់បើកសោរឲ្យគាត់ចេញវិញហើយ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះជួយអន្តរាគមន៍ដោះស្រាយករណីចាក់សោរទ្វារផ្ទះជាប់បុគ្គលិកអនាម័យ ចំនួន០២នាក់ ដោយសារម្ចាស់ផ្ទះបានយកសោរចាក់ទ្វារពីក្រៅនៅចំណុចក្រុមហ៊ុនជេស៊ី អ៊ែរឡាញផ្ទះ លេខ២៤៧EO ផ្លូវម៉ៅសេទុងក្រុមទី៤២ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភំ្នពេញ ។
ចំណែកមូលហេតុ សមត្ថកិច្ចបានឲ្យដឹងថា ដោយមូលហេតុ ខឹង និងក្រុមហ៊ុនពុំបានបង់ប្រាក់ឈ្នួលជួលផ្ទះឲ្យ គោលបំណងមិនឲ្យក្រុមហ៊ុនយកឥវ៉ាន់ចេញ ដោយពុំដឹងថាមានបុគ្គលិកនៅក្នុងផ្ទះនោះទេ។
ចំណែកម្ចាស់ផ្ទះមានឈ្មោះ សុខ ហួត អាយុ៥៣ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ ៦ ផ្លូវលេខ៣២៨ ភូមិ៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភំ្នពេញ។ រីឯបុគ្គលិកអនាម័យចំនួន០២នាក់៖
១- ឈ្មោះ នួន មុំ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនាម័យ ស្នាក់នៅផ្ទះជួលបន្ទប់លេខ២៨ ផ្លូវលេខជាតិ៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភំ្នពេញ។
២- ឈ្មោះ លឹម សុធា ភេទស្រី អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនាម័យ ស្នាក់នៅផ្ទះជួលបន្ទប់លេខ២៨ ផ្លូវលេខជាតិ៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភំ្នពេញ ៕