ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(គាស់យកកញ្ជក់រថយន្ត) មួយករណី ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ។
កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៥ និង ១៥នាទី ទៀបភ្លឺ នៅចំណុច ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស ( លួចគាស់យកកញ្ចក់រថយន្ត) មួយបានកើតឡើង ។ បង្កឡើងដោយជនសង្ស័យ ០២នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចកាច់យកកញ្ចក់រថយន្ត របស់ប្រជាពលរដ្ឋដែលចតទុកនៅមុខផ្ទះ រួចឡើងដោយជិះម៉ូតូ ០១គ្រឿង ម៉ាក ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១២ គេចខ្លួនបាត់ ។ បន្ទាប់ពីទទួលបានពត៌មាននេះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៧ និង ០០នាទី ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់ ជាបន្តបន្ទាប់ ។
សុំបញ្ជាក់ថា តាមរយៈការស្រាវជ្រាវ ជនសង្សយ័ទាំង២នាក់គឺជាមុខសញ្ញាសកម្មធ្លាប់ធ្វើសកម្មភាពលួចកាច់យកកញ្ចក់រថយន្តបែបនេះ ច្រើនករណីមកហើយដែរ ។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ កំពុងធ្វើការសាកសួរ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ក៍បានអំពាវនាវដល់ ពលរដ្ឋឬជនរងគ្រោះ ដែលជួបហេតុការណ៍ដោយអំពើចោរកម្មផ្សេងៗ សូមរួសរាន់រាយការណ៍មកនគរបាលមូលដ្ឋានឃុំ សង្កាត់ ឬកម្លាំងនគរបាលដែលនៅជិតបំផុត ដើម្បីចាត់វិធានការបង្ក្រាបទាន់ពេលវេលា ៕ សំណាង