រាជធានីភ្នំពេញ ៖ យុវជនមួយក្រុម ត្រូវបានក្មេងស្ទាវមួយក្រុមទៀត ដេញកាប់ផង ដេញចាក់ បណ្ដាលឲ្យមានអ្នករងរងរបួសស្រាល២នាក់ និងរងការខូចខាតម៉ូតូ ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង២យប់ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែន សុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីក្រុមជនរងគ្រោះ ដែលត្រូវក្មេងស្ទាវមួយក្រុមនោះ ដេញកាប់ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បាននាំគ្នាជិះចេញពីវត្តបុទម បម្រុងជូនមិត្តស្រីទៅផ្ទះវិញ នៅម្ដុំវត្តសំរោងអណ្ដែត ស្រាប់តែជិះមកដល់ចំណុចកើតហេតុ ក៏បានឃើញក្មេងស្ទាវមួយក្រុម កំពុងតែឈប់អស់សាំងម៉ូតូ ភ្លាមនោះក្មេងស្ទាវដែលជាក្រុមជនដៃដល់ បានប្រើប្រាស់នូវកាំបិតខ្វែវ បានទាញដេញកាប់ និងចាក់បណ្ដាលឲ្យត្រូវយុវជន២នាក់ រងរបួសស្រាល និងរងការខូចខាតម៉ូតូ ត្រូវបានក្រុមក្មេងស្ទាវ កាប់ចិញ្ច្រាំខ្ទេច ពេលកាប់រួច ក៏ស្រែកថា អញក្រុមអាញ៉ាកាច ៣១៧ នៅម្ដុំវត្តសំរោងអណ្ដែត រួចក៏នាំគ្នារត់អស់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានមកដល់ បានឲ្យក្រុមយុវជនខាងលើ ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលគោកឃ្លៀង ដើម្បីតាមចាប់ក្មេងស្ទាវដែលជាជនដៃដល់ទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត ៕ Mrr Ka