ក្រុមចោរឆក់យ៉ាងសកម្មនៅស្ពានអាកាសស្ទឹងមានជ័យ មានទាំងអ្នកឆក់ និងអ្នកចាំបិទគូទ អស់លក្ខណ៍ត្រូវអ្នកភូមិចាប់ប្រគល់ឲ្យសមត្ថកិច្ចទាំងសម្បុក ខណៈឆក់ទូរសព្ទពីបុរសម្នាក់មិនសម្រេច
សន្តិសុខសង្គម
131

រាជធានីភ្នំពេញ​​ ៖ ជនសង្ស័យមួយក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់ កំពុងដើរនិយាយទូរស័ព្ទបានសម្រេច ព្យាយាមជិះម៉ូតូរត់គេច ក៏ដួលម៉ូតូ ត្រូវបានបងប្អូនប្រពលរដ្ឋដេញ តាមព័ទ្ធចាប់បានបក្ខពួកទាំងអស់ ប្រគល់ឲ្យសមត្ថកិច្ច កាលវេលាម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុង ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ក្រុមការងារTVFB ឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ទូរសព្ទមានឈ្មោះ ពាំង ឈា ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅបន្ទប់ជួល ភូមិមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ រួមមាន ៖

ទី១.ឈ្មោះ ឃ្លៀង ផែនប៊ី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ។

ទី២.ឈ្មោះ ថាវ សីហា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២។

ទី៣.ឈ្មោះ អ៊ុ ដារ៉ា ហៅធ្នូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ។

ទី៤ឈ្មោះ ថុង សំអូន ហៅកូយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ដូចគ្នា។

តាមសម្ដីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ គាត់បានដើរចេញពីបន្ទប់ជួល និយាយទូរស័ព្ទ មកដល់ផ្លូវក្បែរបន្ទប់ជួលនោះ ក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកScoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IZ-2210 ជិះមកក្បែរឆក់ទូរស័ព្ទរបស់គាត់បានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេច បានបន្តិច ក៏ដួលម៉ូតូ ជនរងគ្រោះក៏ស្រែកផង រត់ទៅចាប់ក្របួចជនសង្ស័យនោះផង ក៏លេចមុខបក្ខពួក២នាក់ទៀត ជិះម៉ូតូមួយគ្រឿង ម៉ាកវេវ ចាស់ ពាក់ស្លាកលេខ ភ្នំពេញ 1R-7254 ចាំបិតគូទ បានមកជួយបក្ខពួក ទើបជនរងគ្រោះស្រែកឆោឡោកាន់តែខ្លាំងថាចោរៗ ផ្អើលអ្នកភូមិស្ទុះចេញមកជួយចាប់បានទាំង៤នាក់ និងម៉ូតូ២គ្រឿង ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ដកហូតបានទាំងទូរស័ព្ទជនរងគ្រោះ ម៉ាកoppoមួយគ្រឿង នឹងម៉ូតូជនសង្ស័យជិះធ្វើសកម្មភាពឆក់ចំនួន២គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី១ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីត្រៀមបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់៕មេសា


Telegram