មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក អប់រំណែនាំនិងធ្វើកិច្ចសន្យាមនុស្ស៤នាក់, រុះរើជំរំក្រុមបរបាញ់សត្វព្រៃមួយកន្លែង ដោះប្រមូលអន្ទាក់ជាង២០០ខ្សែ ដកហូតអាវុធ១ដើម និងពិនិត្យទីតាំងបំពាក់កាមេរ៉ាថតរូបស្វ័យប្រវត្តិ
សន្តិសុខសង្គម
208

ខេត្តមណ្ឌលគិរី ៖ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ដោយមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងគាំទ្រដោយអង្គការ WWF នៅក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានចុះល្បាតរួមគ្នាក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ ក្នុងនោះបានទប់ស្កាត់សកម្មភាពចូលក្នុងតំបន់ស្នូល ដោយគ្មានការអនុញ្ញាត ហើយបានធ្វើកិច្ចសន្យា និងអប់រំណែនាំមនុស្ស៤នាក់កុំឲ្យប្រព្រឹត្តបទល្មើសនិងចូលក្នុងតំបន់ហាមឃាត់ដោយគ្មានការអនុញ្ញាត។

ក្នុងប្រតិបត្តិការចុះល្បាតរបស់មន្រ្តីឧទ្យានុរក្សនេះផងដែរ មន្រ្តីឧទ្យានុរក្សបានរុះរើជំរំក្រុមជនសង្ស័យមួយក្រុមដែលធ្វើសកម្មភាពបរបាញ់សត្វព្រៃ នៅចំណុចភ្នំលូងឈូង ស្ថិតក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃស្រែពក និងរុករកឃើញកាំភ្លើងកែច្នៃ(អាវុធឆ្នុកដូង)ចំនួន១ដើម ដែលជនសង្ស័យលាក់ទុកក្នុងដើមស្រឡៅ១ដើម និងបានដោះប្រមូលនិងសាអន្ទាក់ខ្សែកាបបានសរុបចំនួន២០៣ខ្សែ ថែមទាំងប្រទះឃើញសំណាកសត្វព្រៃ(ក្ងោក ឈ្លូស និងកាំប្រមា) មួយចំនួនបន្ថែមក្នុងជំរំនេះផងដែរ ហើយត្រូវបានក្រុមការងារប្រមូលយកទៅដុតបំផ្លាញចោលនៅកន្លែងកើតហេតុ។

ក្រោយពីសកម្មភាពចុះល្បាត មន្រ្តីឧទ្យានុរក្សបានឆៀងចូលទៅពិនិត្យមើលទីតាំងដែលបំពាក់កាមេរ៉ាស្វ័យប្រវត្តិចំនួន១០ទីតាំងផងដែរ ដែលបានផ្ដិតយករូបភាព និងសកម្មភាពនៃការបន្លាស់ទីរបស់សត្វព្រៃ៕ ប្រភព មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី 


Telegram