រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១រសៀល នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ពន្ធ័ករណីលួចម៉ូតូ នៅចំណុចមុខមណ្ឌលសុខភាពចតុមុខ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សោម វិទូ ភេទ ប្រុស អាយុ ៣៥ឆ្នាំស្នាក់នៅផ្ទះលេខ១៥០អ៊ីអឺ០ ផ្លូវលេខ១៣៤ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ លក់ដូរ។ ចំណែក ជនសង្ស័យឈ្មោះ អ៊ុក ដារ៉ាន់ ហៅ លៀន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន) និងបក្ខពួកម្នាក់ទៀត ឈ្មោះ ធូដេ ភេទ ប្រុស អាយុប្រហែល៣០ ឆ្នាំ(គេចខ្លួន)។
ក្នុងនោះ សមត្ថកិច្ចដកហូតវត្ថុតាង ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០១៥ គ្មានផ្លាកលេខ របស់ជនរងគ្រោះ ដែលស្លាកលេខម៉ូតូរបស់ជាប់ម៉ូតូមុនបាត់នោះ គឺ ភ្នំពេញ 1BN-2379 ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៥និង៣៦នាទីល្ងាច ជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាធូដេ ពណ៌ក្រហម ចេញពីកន្លែងលេងយូគីម្តុំអតីតរង្គសាលចតុមុខ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ គោលបំណងចេញធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ តាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ។ នៅពេលជនសង្ស័យជិះម៉ូតូឌុបគ្នា មកដល់នៅចំណុចមុខផ្ទះលេខ១៥០អ៊ីអឺ០ ផ្លូវលេខ១៣៤ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក៏បានឃើញម៉ូតូរបស់ជនរងគ្រោះ ទុកនៅមុខផ្ទះដោយមានដោតកូនសោនៅកុងតាក់ម៉ូតូស្រាប់ ឃើញស្ងាត់ពុំមានមនុស្ស ជនសង្ស័យឈ្មោះ ធូដេ បានឈប់ម៉ូតូនៅជិតនោះ ហើយជនសង្ស័យឈ្មោះ អ៊ុក ដារ៉ាន់ ហៅ លៀន បានចូលទៅធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ បានសម្រេចរួចជិះម៉ូតូគេចខ្លួនបាត់អស់ តែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕