រាជធានីភ្នំពេញ ៖ គ្រួសាររបស់ជនរងគ្រោះកំពុងដង្ហោយរកដំណោះស្រាយ ក៏ដូចជាថ្លៃសំណង ដោយសូមឲ្យអាជ្ញាធរ ក៏ដូចជាប្រព័ន្ធតុលាការ ជួយពន្លឿនដោះស្រាយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត Highlander ទៅបុកកង់បីឥណ្ឌា ខ្ទេចស្ទើរតែទាំងស្រុង ហើយបន្តទៅបុក ទម្លុះរបងសាលមហោស្រពចតុមុខ ខណៈជនរងគ្រោះ២នាក់ប្តីប្រពន្ធ ដែលប្ដីរបួសធ្ងន់ធ្ងរ អាចពិការមួយជីវិត រីឯប្រពន្ធបែកក្បាល ដាច់ជើង បាក់ភ្លៅទាំងសង្ខាង រហូតមកទល់ពេលនេះ នៅមិនទាន់បានទទួលសំណងអ្វីនៅឡើយ ស្របពេលដែលគ្រួសាររបស់គាត់ក៏កំពុងខ្វះខាតថវិកាសម្រាប់ការព្យាបាលបន្ទាន់ ។
ក្នុងនោះ យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះជាប្តីឈ្មោះ នា ចន្ទី ភេទប្រុស កើតឆ្នាំ១៩៧០ មុខរបរ(បុគ្គលិកអង្គការ)ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ហេង សត្យា កើតឆ្នាំ១៩៨០ មុខរបរ បុគ្គលិកណាហ្គា មានអាសយដ្ឋានផ្ទះលេខ២១៥១១ ផ្លូវ១១៨ ភូមិទី៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង ព្រហ្មទណ្ឌលេខៈ៤៨០៦ ចុះថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ ។ សូមគោរពជូន លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយសុំប្តឹងបុគ្គលឈោ្មះ ឯវ សិរីវឌ្ឍកា ភេទស្រី អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ២០២ ភូមិ ត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទៈ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិន ប្រុងប្រយត្ន័ បណ្តាលឲ្យមានរបួសដល់អ្នកដទៃ និង បើកបរស្ថិតក្នុងស្ថានភាពស្រវឹង ប្រព្រឹត្តនៅត្រង់ ចំណុចមុខច្រកចូលសាលចតុមុខ លើតរៈវិថីព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៦-១១-២០២១។
យោង៖ សំណុំរឿងព្រហ្មទណ្ឌលេខៈ៤៨០៦ ចុះថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។ មាត្រា៧៧ និង មាត្រា ៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រូបថត ជនរងគ្រោះចំនួន ០៣សន្លឹក និងលទ្ធផលថតឆ្លុះ ចំនួន ០២សន្លឹក ។
តបតាមកម្មវត្ថុ នឹងយោងខាងលើ ខ្ញុំបាទ សូមជម្រាបជូនលោកចៅក្រម មេត្តាជ្រាបថាៈ កាលពីថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០២១ ខ្ញុំបាទបានបើកម៉ូតូកង់ប៊ីម៉ាក BAJAJ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1H-7345 ទៅយកប្រពន្ធចេញពីធ្វើការងារវិលត្រឡប់មកផ្ទះ ពេលមកដល់មុខច្រកចូលសាលចតុមុខ ស្រាប់តែឈ្មោះឯវ សិរីវឌ្ឍកា បានបើរថយន្តម៉ាក HIGHLANDER ពណ៍ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-5829 តាមបណ្តោយតិរៈវិថីព្រះស៊ីសុវត្ថិ ទិសដៅពីជើងទៅត្បូង ។ លុះដល់មុខច្រកចូលសាលចតុមុខ ឈ្មោះ ឯវ សិរីវឌ្ឍកា បានបើករថយន្តចូលចំណែកផ្លូវនៃយានម្ខាងទៀតប្រវែង ១.១០ម៉ែត្រ ក៏បានបុកជាមួយម៉ូតូកង់៣ ខ្ញុំបាទ(រងរបួសធ្ងន់) និងអ្នករួមដំណើរប្រពន្ធរបស់ឈ្មោះ ហេង សត្យា (រងរបួសធ្ងន់) បណ្តាលឲ្យរថយន្ត ជ្រុលទៅបុករបងដែក មហោស្រពចតុមុខ ហើយខ្ញុំបាទ និងប្រពន្ធ ត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យកាល់ម៉ែត ដោយខ្ញុំបាទ ប៉ះពាល់ឆ្អឹងខ្នង នឹង ខ្លាំង កំរើកមិនរួច ត្រូវវះកាត់ជាបន្ទាន់ អាចប្រឈមនឹងការបាត់បង់ជីវិត ។ ចំណែកប្រពន្ធ ហេង សត្យា បែកក្បាល ដាច់ជង្គង់ និង បាក់ជើងទាំងសងខាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដែរ។
ពាក្យបណ្តឹងជនរងគ្រោះ បានបន្តទៀតថា នៅពេលដែលយើងខ្ញុំមិនទាន់ជួបគ្រោះថ្នាក់ចរាចរណ៍ យើងខ្ញុំជាបង្គោលគ្រួសារ ជាអ្នករកលុយចិញ្ចឹម កូន៣នាក់ក្នុងបន្ទុក និង ជាអ្នករកលុយបង់រំលស់ផ្ទះនៅបច្ចុប្បន្ន ម៉ូតូកង់៣ សុទ្ធតែបង់រំលស់ទាំងអស់ ហើយមក ជួបគ្រោះថ្នាក់បែកនេះត្រូវ ដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំង២នាក់ រហូតមកដល់ពេលនេះយើងខ្ញុំចំណាយ លុយបណ្តោះអាសន្នសម្រាកព្យាបាលថ្នាំពេទ្យអស់ចំនួន២០,០០០$(ពីរម៉ឺន)ដុល្លារអាមេរិក។ បច្ចុប្បន្នយើងខ្ញុំសម្រាកព្យាបាលនៅពេទ្យ ការងារត្រូវបានផ្អាកមួយរយៈ គ្មានរកប្រភពចំណូលបានចិញ្ចឹម កូនតូចៗ និង បង់ថ្លៃថ្នាំពេទ្យ បង់ថ្លៃរំលស់ផ្ទះ បង់រំលស់ម៉ូតូកង់៣.ជូនធនាគារទេ ។ ម្យ៉ាងទៀតយើងខ្ញុំមិនទាន់ ទទួលសំណងពីជនបង្កនៅឡើយទេ ហើយស្ថានភាពជំងឺខ្ញុំបាទពេទ្យប្រាប់កូនខ្ញុំត្រូវតែវះកាត់ឆ្លងខ្នង(ក) ប្រសិន ជាខ្ញុំមានកម្លាំងវះកាត់អាចមានសង្ឃឹមរស់២០% ប្រសិនជាខ្ញុំមិនសូវមានកម្លាំង វះកាត់រួចអាចប្រឈម និង ការ បាត់ជីវិត ឬ ត្រូវបញ្ជូនខ្ញុំទៅវះកាត់ឆ្អឹងខ្នង(ក)នៅក្រៅប្រទេសទៀត។
សេចក្តីដូចបានជម្រាបជូនខាងលើ សរបញ្ជាក់ឲ្យឃើញថាទង្វើ និង សកម្មភាពរបស់បុគ្គលឈ្មោះ ឯវ សិរីវឌ្ឍកា បានបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយត្ន័បណ្តាលឲ្យរងរបួសអ្នកដទៃ និង បើកបរ ស្ថិតក្នុងស្ថិតភាពស្រវឹង ។ សំណូមពរ៖
១. សូមលោក ចៅក្រម មេត្តាសម្រេចប្រគល់ម៉ូតូកង់បីម៉ាក BAJAJ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ១HU-៧៣៤៥ ឲ្យមកយើងខ្ញុំវិញ ព្រោះម៉ូតូកង់៣នេះ ជាប់បង់រំលស់ជាមួយធនាគារ អិល អូ អ៊ិល ស៊ី ។
២. សុំលោក ចៅក្រម មេត្តាកុំសម្រេចប្រគល់រថយន្ត HIGHLANDER ពណ៍ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២BC-៥៨២៩ ឲ្យទៅជនបង្កវិញ ដើម្បីរក្សាររថយន្តនោះទុកសងសំណង។
៣សុំលោក ចៅក្រម មេត្តាចាត់វិធានការចាប់ខ្លួនលើបុគ្គលឈ្មោះ ឯក សិរីវុឌ្ឍកា យកមកទទួលខុសត្រូវចំពោះអំពីដែលខ្លួនបានប្រព្រឹត្ត ស្របតាមច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាច្រកម្ពុជា។
៤.សុំទាមទារសំណងជួសជុលការខូចខាត ថ្លៃថ្នាំព្យាបាល ការខាតបង់ពេលវេលា និង សំណងជំងឺចិត្តចំនួន ២០០,០០០,០០០ (ពីររយលាន) រៀល។
អាស្រ័យហេតុនេះ សូមលោក ចៅក្រម មេត្តារកយុត្តិធម៌ឲ្យយើងខ្ញុំតាមសំណូមពរខាងលើ និង ទទួលយកពាក្យបណ្ដឹងរបស់យើងខ្ញុំ ដោយក្តីអនុគ្រោះ។
ដោយឡែក បើតាមរបាយការណ៍ របស់ផែនការងារនគរបាលចរាចរណ៍ ការិយាល័យចរាចរណ៍ផ្លូវគោក ផ្នែកដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ដែលដាក់ជូន លោកនាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ស្តីពីករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២៣និង០៥នាទី ត្រង់ចំណុចមុខច្រកចូលសាល ចតុមុខ លើពិរៈវិថីព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាក HIGHLANDER ពណ៍ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-582 បើកបរដោយឈ្មោះ ឯវ សិរីវឌ្ឍកា ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅផ្លូវលេខ២០២ ភូមិត្នោតជុំទី៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរតាមបណ្តោយពិរៈវិថីព្រះស៊ីសុវត្ថិ ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ខាងលើ បានបើកចូលចំណែកផ្លូវនៃយានម្ខាងទៀតប្រវែង១.១០ម៉ែត្រ ក៏បុកជាមួយម៉ូតូកង់បីមួយគ្រឿងដែលធ្វើ ដំណើរបញ្ច្រាសទិសគ្នា ម៉ាក BAJA ពណ៌ស បើកបរដោយឈ្មោះ នា ចន្ទី ភេទប្រុស អាយុ៥១ឆ្នាំ និងរួមដំណើរជាមួយឈ្មោះ ហេង សត្យា ភេទស្រី អាយុ៤១ឆ្នាំ អ្នកទាំងពីរមានទី លំនៅផ្ទះលេខ៥៩ ផ្លូវទី១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យរថយន្តជ្រុលទៅបុក របងដែកសាលមហោស្រពចតុមុខ ខណៈវត្ថុតាងរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។
១ក្នុងករណីគ្រោះថ្នាក់នេះបណ្តាលឲ្យ ៖
• អ្នកបើកបរម៉ូតូកង់បី និងអ្នករួមដំណើររងរបួសធ្ងន់ សម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត
•រថយន្ត និងម៉ូតូកង់បីខូចធ្ងន់
២- មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់៖
• អ្នកបើកបររថយន្ត បើកមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមាន អត្រាជាតិអាល់កុល 063 Mg/L ។
ទន្ទឹមនោះ បើតាមក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះប្រាប់ TVFB ឲ្យដឹងថា សភាពរបស់ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ នាពេលនេះ ស្ថិតក្នុងការតាមដានរបស់គ្រូពេទ្យប្តី កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ អាចពិការភាពមួយជីវិត ដោយសារប៉ះពាល់ដល់ឆ្អឹងខ្នងនឹងក ដែលមិនអាចកម្រើកបានទាំងអស់ ។ ចំណែកប្រពន្ធបែកក្បាល ដាច់ជើង នឹងបាក់ភ្លៅទាំងសង្ខាង ។
សាច់ញាតិរបស់ជនរងគ្រោះបានបន្តទៀតថា បច្ចុប្បន្នអ្នកបើកបររថយន្តបង្ក បែរជានៅក្រៅឃុំ ដោយពុំទាន់មានការដោះស្រាយជាមួយខាងជនរងគ្រោះនៅឡើយ បន្ទាប់ពីចរចារក្រៅប្រព័ន្ធតុលាការ ជាមួយបងប្អូនតំណាងជនរងគ្រោះមិនត្រូវគ្នា រំលងបាន១ថ្ងៃ គឺនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។
ជាមួយគ្នានេះដែរ ក្រុមគ្រួសារជនរងគ្រោះ សូមលើកដៃគោរពសំពះ ស្នើសុំតាមបណ្ដាញផ្សព្វផ្សាយព័ត៌មាន សូមអោយតុលាការសម្រេចដោយយុត្តិធម៌ និងជួយពន្លឿន ដើម្បីឲ្យជនបង្កផ្តល់សំណងសមរម្យដល់រងគ្រោះផង ដែលកំពុងខ្វះខាតថវិកាសម្រាប់ព្យាបាល ដោយនឹងត្រូវបញ្ជូនជនរងគ្រោះជាប្តីទៅព្យាបាលក្រៅប្រទេសឆាប់ៗនេះ ។
ជុំវិញរឿងរ៉ាវនេះ អង្គភាព TVFB ព្យាយាមទំនាក់ទំនងទៅអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញតែទាក់ទងមិនបាន ។
ដោយឡែកខាងភាគីម្ចាស់រថយន្ត ក៏ទាក់ទងមិនបាន ៕