រាជធានីភ្នំពេញ ៖ រឿងស្នេហាទៀតហើយ !!!! សល់តែកាបូប និងស្បែកជើងមួយគូ នៅលើស្ពានជ្រោយចង្វារប៉ុណ្ណោះ ខណៈនារីជាម្ចាស់កាបូបនិងស្បែកជើង សង្ស័យលោតចូលទឹកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ។
ភ្លាមៗនោះ ក៏មានប្អូនស្រី២នាក់ បានជិះម៉ូតូ មកប្រាប់ក្រុមការងារ TVFB នៅកន្លែងកើតហេតុថា គាត់ស្គាល់ម្ចាស់កាបូប និងស្បែកជើងនេះ គឺជាមិត្តភក្កិរបស់គាត់ ហើយគាត់បានដឹងព័ត៌មាននេះដោយសារតែគេបានឆាតទៅប្រាប់ ហើយពួកគេក៏មកភ្លាមៗតែម្ដង ។ ក្នុងនោះ បើតាមការឲ្យដឹងរឿង ម្ចាស់កាបូបនិងស្បែកជើងខាងលើ គឺមានទំនាស់ជាមួយនឹងសង្សារ ឈ្លោះគ្នាខ្លាំង ក៏កើតមានរឿងបែបនេះតែម្តង។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានបឋម មាននុស្សស្រីម្នាក់ បានលោតពីលើស្ពានជ្រោយចង្វា បន្សល់ទុកនូវតែកាបូបលុយ និងស្បែកជើងប៉ុណ្ណោះ។
បើតាមសម្ដីមិត្តភក្កិរបស់នារីជនរងគ្រោះបានបន្តទៀតថា នារីរងគ្រោះ ដែលបានលោតទឹកសម្លាប់ខ្លួននោះមានឈ្មោះ យ៉ាយ៉ា អាយុ២០ ឆ្នាំជាង ស្នាក់នៅផ្ទះជួល នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយនៅថ្ងៃកើតហេតុ មិត្តភក្កិអង្គុយផឹកជុំគ្នានៅមាត់ទន្លេ ដោយជនរងគ្រោះផឹកផង យំផង នឹងរៀបរាប់បណ្ដើរ យំបណ្ដើរ ដោយសារតែរឿងស្នេហា ក្រោយមកទៀតជនរងគ្រោះ ក៏ជិះកង់បីមកលើស្ពានជ្រោយចង្វា រួចក៏បានថតរូបផ្ញើឲ្យមិត្តភក្កិ ដោយថាស្រលាញ់មិត្តភក្កិទាំងអស់គ្នា លាហើយមិត្តភក្កិទាំងអស់គ្នា ហើយក៏ផ្អើលបែបនេះតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានមកដល់បានសួរទៅមិត្តភក្កិរបស់នារីជនរងគ្រោះ ហើយបានយកកាបូបលុយ និងស្បែកជើងយកទៅប៉ុស្ដិ៍នគបាលស្រះចក ដើម្បីរក្សាទុកឲ្យក្រុមគ្រួសារមកទទួលវិញ ៕ Mrr Ka