ខេត្តកណ្តាល ៖ បុរសម្នាក់ បើករថយន្តដឹកមេរុបូជាសព ចេញពីរោងបុណ្យមួយកន្លែង ឆ្លងទូកដរបម្រុងត្រឡប់ទៅផ្ទះ ដើម្បីប្រញាប់ទៅសង់មេរុ ឲ្យគេផ្សេងទៀត អកុសលសង្ស័យដោយសារដឹកធ្ងន់ពេក ខ្វះការប្រុងប្រយត្ន័ ខណៈកំពុងឆ្លងទន្លេលើទូកដរនោះ ពីត្រើយខាងជើង ជិតដល់ត្រើយខាងត្បូងទៅហើយ ស្រាប់តែខ្យល់បក់ខ្លាំង បណ្តាលឲ្យក្រឡាប់លិចទូកដរ ធ្លាក់រថយន្តចូលទឹក ស្លាប់បុរសអ្នកបើករថយន្តនោះ យ៉ាងរន្ធត់តែម្តង ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយចុះស្វែងរកទម្រាំឃើញ កាលពីវេលាម៉ោង ៥ និង៣៥នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចទឹកស្ទឹង ក្រោយវត្តទួលស្លែង ភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសខាងលើនេះដែលគាបជាមួយដែក ស្លាប់ក្នុងរថយន្ត ក្នុងទឹកទន្លេនេះ មានឈ្មោះ គីម ស៊ីង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាអ្នករកស៊ីសង់មេរុបូជាសព រស់នៅភូមិព្រែកផ្អាវ ឃុំកំពុងកុង ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែករថយន្តដែលលិចចូលទន្លេជាមួយនឹងទូកដរ នោះគឺម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2X-3530 ។
បើតាមសម្តីប្រជាពលរដ្ឋ ដែលចំណុចកើតហេតុ បានលើកឡើងថា មុនពេលកើតហេតុ ម្ចាស់ទូកដរ បានប្រាប់ឲ្យបុរសខាងលើ រើអីវ៉ាន់ចេញខ្លះ ខ្លាចមានគ្រោះថ្នាក់ តែគាត់មិនស្តាប់នោះទេ ដោយប្រាប់ថាប្រញាប់ទៅសង់មេរុ ឲ្យគេផ្សេងទៀត ដោយសារគាត់បង្ខំពេក ទើបនាំគ្នាបើកឆ្លងដរចេញមក លុះជិតដល់ត្រើយម្ខាងទៀតទៅហើយ ក៏ត្រូវខ្យល់បោកខ្លាំង រហូតក្រឡាប់ទូកដរ និងលិចរថយន្ត ចូលក្នុងទឹក បែបនេះតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចដែលមានទាំងនគរបាលប៉ុស្តិ៍ និងកម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះមកធ្វើការអន្តរាគមន៍ ប្រើគ្រប់វិធីសាស្ត្រ ស្វែងរកសពជនរងគ្រោះ អស់រយៈពេល ៨ម៉ោង ទើបរកឃើញដោយប្រពន្ធរបស់ជនរងគ្រោះ សុំយកសាកសួរប្តីទៅធ្វើបុណ្យដោយមិនប្តឹងផ្តល់ខាងណាឡើយ ព្រោះប្តីរបស់គាត់ ប្រហែសដោយខ្លួនឯង ណាមួយទូកដរកើតហេតុនេះ គឺជារបស់វត្ត ដែលចម្លងប្រជាពលរដ្ឋមិនយកប្រាក់ថែមទៀត ៕