ខេត្តសៀមរាប ៖ ក្រុមចោរកាប់ប្លន់យកម៉ូតូយ៉ាងសកម្មមួយសម្បុក ដែលមានគ្នាជាច្រើននាក់ ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការ តាមប្រម៉ាញ់ចំនួន ៣ខេត្ត ទើបចាប់ក្រុមចោរទាំងនេះបាន ដល់ឬស្សគល់ ។ នេះបើយោងតាមផេក ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ គឺមានការ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តសៀមរាប រួមទាំងលោកស្រី លិ ស៊ីវទាន ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត សៀមរាប ។
ជាក់ស្តែង កម្លាំងការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដឹកនាំកម្លាំងដោយ លោក វរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានធ្វើប្រតិបត្តិការបើកការស៊ើបអង្កេតដោយផ្ទាល់ ករណី អំពើលួចមានស្ថានមានស្ថានទម្ងន់ទោស ( ប្រើហិង្សា ) កាប់នឹងកាំបិត ប្លន់យកម៉ូតូ២គ្រឿង កាលពីថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០១ និង ៣០នាទីទាបភ្លឺ ដោយឆ្លងកាត់ការស៊ើបអង្កេត និងតាមចាប់ ០៣ខេត្ត ខេត្តកំពង់ធំ រាជធានីភ្នំពេញ និងខេត្តបាត់ដំបង និងដោយផ្អែកលើការវាយតម្លៃព័ត៌មាន និងដាក់ចេញនូវសកម្មភាពប្រតិបត្តិការ របស់លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ជាស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។
ជាលទ្ធផល កម្លាំងនគរបាលការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់ បានតាមចាប់បង្ក្រាបដល់ឬស្សគល់ហើយ ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង ចំនួន ០៥នាក់ និង បន្តការស៊ើបអង្កេតឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចំនួន ០៣នាក់បន្ថែមទៀត និង ដកហូតវត្ថុតាងម៉ូតូជារបស់ជនរងគ្រោះចំនួន ០២គ្រឿង(បាន ប្រគល់ជូនជនរងគ្រោះវិញ )និងវត្ថុតាង កាំបិតចំនួន ០១ ដែលធ្វើកម្មភាពកាប់ជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាន សមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងដើម្បីផ្តន្ទាទោតាមច្បាប់ ៕