រាជធានីភ្នំពេញ ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ រឹបអូសបានគ្រឿងញៀនជិត ២៥គីឡូក្រាមឯណោះ កាលពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នចំណុច ២គោលដៅផ្សេងគ្នា ជាបន្តបន្ទាប់ ទី១៖ នៅចំណុច ផ្លូវលេខ ១០៥ ជិតផ្សារបឹងត្របែក (ផ្លាស្សា) ស្ថិតក្នុងសង្កាត់បឹងត្របែង ខណ្ឌចំការមន និងគោលដៅទី២៖ ផ្ទះលេខ ៩៩ ផ្លូវ១៤៦ ក្រុម៣ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ គឺ អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្តម លោកវរសេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ (ក១០) និងមានការចូលរួមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវរហូតបង្ក្រាបបានតែម្តង ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ជនសង្ស័យ៣នាក់ដែលឃាត់ខ្លួនបាននេះរួមមា ៖
១-ឈ្មោះ តាំង លាក ភេទប្រុស អាយុ៦០ឆ្នាំ។
២៖ ឈ្មោះ GOH SEOW SIAN ភេទប្រុស កើតឆ្នាំ១៩៥៣ ជនជាតិ សិង្ហបុរី កាន់លិខិតឆ្លងដែនលេខ K0447332B។
៣៖ ឈ្មោះ លី ជាងហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម។
ក្នុងនោះ សមត្ថកិច្ច បានធ្វើការដកហូត វត្ថុតាង បានរួមមាន អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ២៤គីឡូ ០៤២ក្រាម កេតាមីន (KETAMIN) ទម្ងន់សុទ្ធ១១៨.៣៩ក្រាម, កាទីណូន (4CEC) ទម្ងន់សុទ្ធ១៧០.៥១ ក្រាម សរុបសារធាតុញៀន ទម្ងន់សុទ្ធ ២៤ គីឡូ ៣៣០.៩០ក្រាម សារធាតុផ្សំ ១គីឡូក្រាម ០១០.១១ក្រាម ជញ្ជីងថ្លឹង៥គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនធំទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនចំនួនជិត២៥គីឡូក្រាមខាងលើ ត្រូវបានសមត្ថកិច្ច មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ ធ្វើការបង្ហាញមុខ ជាសាធារណៈ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ មុននឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់បន្តទៀត ៕