រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ និង ប្រព្រឹត្តអំពើលួច (ទូរសព្ទនិងលុយ) ដែលកើតឡើងកាលពីវេលាម៉ោង១២យប់ឈានចូលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេស ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ក្រុមការងារTVFB ឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ លោក វរសនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានបញ្ជារឲ្យលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផែនការងារព្រហ្មទណ្ឌខណ្ឌកំបូល ដឹកនាំកម្លាំងផ្នែកជំនាញ និង កម្លាំងប៉ុស្តិ៍ ធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្តឹងនារីជាជនរងគ្រោះ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ផេង ភក្តី ហៅ និចហ្សីន ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិ តាំងរនាម សង្កាត់ ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។ចំណែកជនរងគ្រោះ ភេទស្រី មានអាយុ២២ឆ្នាំ មុខរបរ ម៉ាស្សា កោសជប់ មានទីលំនៅបច្ចុប្បន្នភូមិ គោកឃ្លាង សង្តាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានស្គាល់គ្នាជាមួយជនសង្ស័យ តាមរយៈការលេងFacebook អ្នកទាំង២ ក៏បានណាត់ជួបគ្នានៅម្តុំសួនកុមារ មុខផ្សារស៊ីនជូរី រួចនាំគ្នាទៅលេងកោះពេជ្រ បាននាំគ្នាផឹកស៊ីនៅទីនោះ ក្រោយពីត្រឡប់មកវិញ ជនសង្ស័យមិនបានដឹកជនរងគ្រោះទៅផ្ទះវិញទេ បានដឹកជនរងគ្រោះមកទីកន្លែងស្ងាត់ចំណុចដីវាលរួចក៏រំលោភ និងលួចទូរសព្ទនិងលុយតែម្តង ទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួនតែម្តង។
ក្រោយពីធ្វើការសាកសួរតាមនីតិវិធីជំនាញ ជនសង្ស័យ ពិតជាបានប្រព្រត្តឹនូវបទល្មើដូចខាងលើនេះពិតប្រាកដមែន និងកំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ទៅតាមនីតិវិធីច្បាប់បន្តទៀត ៕