រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ ធ្វើជាកម្មករសំណង់ សម្រាកពីការងារ ឆ្លៀតរាយខ្សែភ្លើងឆក់ត្រី ភ្លាត់ស្នៀត បែរជាឆក់ខ្លួនឯងស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើងកាលវេលាម៉ោង១១ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅត្រង់ចំណុចវាលស្រែខាងក្រោយរោងកម្មករស្នាក់នៅ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ម៉េង និញ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ ជាបុរសពោះម៉ាយ មានកូនប្រុសម្នាក់ និងមានស្រុកកំណើតនៅខេត្តកំពត។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ក្រុមការងារTVFB ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះក្រោយពីសម្រាកការងារ ក៏បានតខ្សែភ្លើងរាយឆក់ត្រីនៅវាលស្រែក្បែរកន្លែងស្នាក់នៅ តែភ្លាត់ស្នៀត បានឆក់ខ្លួនឯងស្លាប់ភ្លាមៗមួយរំពេច ក្រោយមកក្រុមកម្មករ ដោយបាត់ជនរងគ្រោះយូរពេក មិនឃើញក៏ដើររក ទើបប្រទះឃើញខ្សែភ្លើងរាយទៅវាលស្រែ ក៏នាំគ្នាដើរទៅមើលក៏ឃើញជនរងគ្រោះ អណ្ដែតទឹក ទើបនាំគ្នាផ្ដាច់ខ្សែភ្លើង និងចុះទៅស្រង់ជនរងគ្រោះឡើងគោក តែអកុសលជនរងគ្រោះបានស្លាប់បាត់ហើយ។
ក្រោយមកក៏ប្រញាប់រាយការណ៍ជូនទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន មកពិនិត្យកន្លែងកើតហេតុ ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ បច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យសព រួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តខ្សែភ្លើងពិតប្រាកដមែន រួចក៏ធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ មេសា