សួរនាំរឿងបាត់មេមាន់ ១ក្បាល ក្លាយជាហិង្សា បណ្តាលឲ្យបុរសម្នាក់រ.បួ...ស...ធ្ង...ន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
សន្តិសុខសង្គម
129

ខេត្តបាត់ដំបង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានធ្វើការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ១លើក ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយវាយទៅលើបុរសម្នាក់ទៀត បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៤ និង២៧នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ផាន ពិសាល ហៅ តុល ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានវាយទៅលើជនរងគ្រោះឈ្មោះ ឆាន ឈឿត ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បណ្តាលឲ្យរងរបួស បែកក្បាលផ្នែកខាងក្រោយ ចំលើរង្វង់ភ្នែកខាងឆ្វេង (បែក) ចំលើថ្ពាល់ផ្នែកខាងក្រោមភ្នែកស្តាំ (បែក) និងចំលើផ្ទៃមុះ បណ្តាលឲ្យហូរឈាមបនិងដួលសន្លប់បាត់ស្មារតីនៅផ្ទះជនរងគ្រោះ។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ករណីនេះ ជនរងគ្រោះបានបាត់មាន់មេចំនួន ០១ក្បាល ហើយប្រពន្ធជនរងគ្រោះឈ្មោះ សុះ សាន អាយុ ៤៤ឆ្នាំ បានទៅសួរនាំឈ្មោះ ផាន ពិសាល ហៅ តុល (ជនល្មើស) អំពីបញ្ហាខ្លួនបាត់មាន់មេខណៈនោះជនសង្ស័យក៏មានកំហឹងហើយជេរប្រមាថ និងវាយបណ្តាលឲ្យរងរបួសដួលសន្លប់តែម្តង។

បច្ចុប្បន្នកម្លាំងនគរបាលស្រុកកំពុងរៀបចំសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕


Telegram