រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ សហការណ៍ជាមួយ កម្លាំងនាយកដ្ឋានប្រយុទ្ធប្រឆាំងបទល្មើសល្បែង ស៊ីសង នៃអគ្គស្នងការនគរបាលជាតិ ចុះបង្ក្រាបទីតាំងបង្កប់ហ្គេម បាញ់ត្រីខុសច្បាប់ នៅចំណុចហាងយីហោ សម្ពន័្ធភាពបងប្អូនទីក្រុងស៊ីធី ឃាត់ខ្លួនមនុស្សជិត៤៤នាក់ ឯណោះ។
សមត្ថកិច្ចបានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវ៧៨ ភូមិ១៤ ក្រុម៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្នុងនោះ បើតាមការបញ្ជាក់បន្ថែម របស់សមត្ថកិច្ចមកកាន់ក្រុមការងារ TVFB បានបន្តឲ្យដឹងទៀតថា នៅក្នុងរង្វង់ការចុះបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៤៤នាក់ ក្នុងនោះមានស្រី២៩នាក់ និងជនជាតិចិន០៥នាក់ ជាបុរស។
បច្ចុប្បន្នមនុស្សទាំង៤៤នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងស៊ីសងនៃអគ្គស្នងការនគរបាលជាតិ។ ចំណែកសម្ភារៈវត្ថុតាង ទូហ្គេម នៅក្នុងទីតាំងខាងលើ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងស៊ីសង រក្សាទុកនៅទីតាំងដដែល ដោយបានបិទទ្វាចាក់សោរជាបណ្តោះអាសន្ន ៕ ពេជ្រ