នគរបាលស្រុកបុទុមសាគរ ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីឆបោកលុយ សរុប ១០៤០០ដុល្លារ
សន្តិសុខសង្គម
328

ខេត្តកោះកុង ៖ ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការរដ្ឋាននគរបាលស្រុកបុទុមសាគរ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលមាន ឈ្មោះម៉ាប់ ឡង់ឌី អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ មាស សុខជា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបុគ្គលិកពេទ្យមណ្ឌលសុខភាពតានូន មានទីលំនៅភូមិតានូនន ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង។

ក្នុងនោះ បើតាមការបំភ្លឺរបស់ឈ្មោះ មាស សុខជា (ជនរងគ្រោះ) កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានជួបគ្នាជា មួយឈ្មោះ ម៉ាប់ ឡង់ឌី (ជនសង្ស័យ) នៅចំណុចកន្លែងឈូសឆាយដី ចែកជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង បន្ទាប់មកក៏បាននិយាយសាកសួរគ្នាដោយជនសង្ស័យ បាននិយាយប្រាប់ថាខ្លួនជាក្រុមការងារអាជ្ញាធរថ្នាក់ជាតិ ដោះស្រាយដីធ្លី និងបានប្រាប់ជនរងគ្រោះ ថាគេអាចចែកជូនដីមួយកន្លែងនៅចំណុចខាងលើបាន។

លុះដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ ជនសង្ស័យបានឆាតមកមាសសុខជា ថាគេត្រូវការលុយចំនួន១៥០០ដុល្លារ ដើម្បីរត់ការធ្វើឯកសារ ប៉ុន្តែជនរងគ្រោះ បានវេរលុយឲ្យតាមកុង តែចំនួន ៤០០ដុល្លារ ទេពីព្រោះមិនសូវទុកចិត្ត។ ក្រោយមកទៀតជនសង្ស័យ បានឲ្យជនរងគ្រោះ វេរលុយតាមវីងចំនួន៦លើកទៀតសរុបចំនួនទឹកប្រាក់១០៤០០ដុល្លារ។ រហូតដល់មានក្រុមការងារអាជ្ញាធរថ្នាក់ជាតិ ដោះស្រាយដីធ្លី ចុះមកចែកប័ណ្ណជូនប្រជាពលរដ្ឋរួចរាល់ហើយ ប៉ុន្តែ ជនសង្ស័យ មិនមានឯកសារដីធ្លីណាមួយឬមានដីនៅកន្លែងណាមួយឲ្យខ្លួន ទើបខ្លួន មកដាក់ពាក្យបណ្ដឹងប្ដឹងឈ្មោះខាងលើនេះ។

ចំពោះជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានសន្យាថា និងជួយរត់ការឯកសារ ដើម្បីទទួលបានដី ដែលក្រុមការងារអាជ្ញាធរថ្នាក់ជាតិដោះស្រាយដីធ្លី ចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ជាមួយក្រុមហ៊ុនញូញៀន និងបានទទួលលុយចំនួន១០៤០០ដុល្លា ពីជនរងគ្រោះពិតប្រាកដមែន។

ចំពោះករណីខាងលើ ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ បានកសាងសំណុំរឿងនិងជនសង្ស័យបញ្ជូនទៅស្នងការ តាមនិតិវិធីច្បាប់៕


Telegram