សមត្ថកិច្ច បន្តឃាត់ខ្លួនបាន ក្រុមចោរ ឆក់កាបូបលុយពលរដ្ឋ តាមដងផ្លូវ២លើក
សន្តិសុខសង្គម
341

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង២០នាទី ត្រង់ចំណុចក្រុមទី១៧ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល មានករណីលួចមានស្ថានទម្ងន់ទោស ឆក់កាបូបលុយ មួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់សញ្ញាណបានជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AJ-9243 បានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះម្នាក់ ។

ដោយឡែកនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៥ទៀបភ្លឺ នៅចំណុចក្រុមទី១០ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល មានករណីលួចមានស្ថានទម្ងន់ទោស ឆក់កាបូបលុយ ចំនួន០១លើកទៀត បង្កឡើងដោយជនសង្ស័យមិនស្គាល់សញ្ញាណចំនួន ០២នាក់ ជិះម៉ូតូ០១គ្រឿង មិនស្គាល់ម៉ាក និងស៊េរីបានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះម្នាក់ទៀតផងដែរ។ នេះបើយយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្នុងនោះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក កោ ស៊ុនកាំង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកម្លាំងជំនាញចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទី យប់បានធ្វើការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ ឈ្មោះ ឆុំ ចិត្រា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុង-ខេត្តបាត់ដំបង និងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ទៀត ១.ឈ្មោះ សួត ណារ័ត្ន ហៅ ប៉ាវ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និង២.ឈ្មោះ រុន ស្រីល័ក្ខ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិក្បាលព្រលាន សង្កាត់ក្បាលព្រលាន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ទន្ទឹមនោះ សមត្ថកិច្ចក៏ធ្វើការដកហូតបាន ៖

-ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខបាត់ដំបង 1AJ-9243

-កាតទូរស័ព្ទ Metfone ៥០០០៛ ចំនួន ០៤សន្លឹក

-កាតទូរស័ព្ទ Metfone ១ដុល្លារ ចំនួន ០២សន្លឹក

-កាតទូរស័ព្ទស្មាត ១ដុល្លារ ចំនួន០១សន្លឹក ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕


Telegram