ភ្នំពេញ ៖ បុរសម្នាក់ដែលជាតៃកុងរថយន្តដឹកត្រី បានគាបជាប់ក្នុងកាប៊ីន រងរបួសធ្ងន់ ក្រោយរួមដំណើរជាមួយម្នាក់ទៀត បើករថយន្តលឿនទៅបុកពីក្រោយរថយន្តធុនធំម៉ាកFuso ពេញទំហឹង ។ចំណែកអ្នកបើកបររថយន្តFuso មិនចាំយូរ ចុះពីលើរថយន្តគេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង២០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តធុនធំមួយគ្រឿងម៉ាកFUSO ក្បាលពណ៌សពាក់ស្លាកលេខ កំពង់ចាម 3-A2784 បើកបដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងទិសដៅពីលិច ទៅកើត មកដល់ចំណុចកើតហេតុ ក៏មានរថយន្តកូរ៉េដឹកត្រីមួយគ្រឿងទៀតក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ- 9751 បើកបដោយបុរម្នាក់និងរួមដំណើជាមួយម្នាក់ទៀតស្របគ្នាពីក្រោយ ជ្រុលទៅបុកចំគូទរថយន្តធុនធំពេញទំហឹង ស្រុញកាប៊ីនខាងមុខ គាបជាប់តៃកុងរថយន្ត ហើយត្រូវបានប្រជាពលរដ្ឋរស់នៅជិតខាង ជួយគាស់ចេញរួចដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញបានចុះមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត៕





