រដ្ឋមន្រ្តីក្រសួងសាធារណការ៖ ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ស្ថាបនារួចរាល់ជាស្ថាពរហើយ ចំណែកការបំពាក់បរិក្ខារ លម្អតាមដងផ្លូវ សម្រេចបាន៧០ភាគរយហើយ
ព័ត៌មានជាតិ
238

ឯកឧត្ដមទេសរដ្ឋមន្ត្រី ៖ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅរសៀលថ្ងៃទី០៩ខែមករាឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងប្រាប់អ្នកសាព័ត៌មានថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប គិតត្រឹមថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១បានសម្រេចបាន១០០ភាគរយហើយ ទៅតាមផែនការដែលបានគ្រោងទុក ចំណែកការបំពាក់បរិក្ខារលម្អតាមដងផ្លូវសម្រេចបានប្រមាណជាង៧០ភាគរយហើយ។ ចំពោះការសម្ពោធដាក់ឱ្យប្រើសប្រាស់ផ្លូវនេះ ជាផ្លូវការនៅថ្ងៃណានោះ ឯកឧត្តម មិនទាន់បញ្ជាក់បាននៅឡើយទេ។ចំពោះលទ្ធផលដែលទទួលបាននេះ ឯកឧត្តមបានពិនិត្យឃើញថា ការស្ថាបនាបានធ្វើគោរពរទៅតាមបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ បើតាមឯកឧត្តមទេសរដ្ឋមន្រ្តីដោយផ្លូវនៅក្នុងក្រុងដែលបានចាក់កៅស៊ូACនេះ អាចធានាបាន១០ទៅ១២ឆ្នាំ ប៉ុន្តែកៅផ្លូវនេះ អាចនៅបានយូជាងនេះ ដោយសារ នៅក្នុងក្រុងមានតែរថយន្តតូចៗបើកបរ ដោយមិនមានរថយន្តធំៗបើកបរទេ។ ចំពោះផ្លូវវាងក្រុងវិញ គឺបានចាក់បេតុង។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា នៅក្នុងឆ្នាំ២០២១ ខេត្តសៀមរាបបានទទួលសមិទ្ធ ផលជាច្រើន ដូចជា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដែលបានស្ថាបនារួចរាល់ជាស្ថាពរ ការស្ថាបនាផ្លូវជាតិលេខ៦ពីស្តុបសណ្ឋាគារសុខាទៅព្រលានយន្តហោះអន្តរជាតិសៀមរាប ដោយបានពង្រីកទៅដល់៨គន្លង ទៅ៤មក៤ ក្នុងប្រវែង៥គីឡូម៉ែត្រ ដែលជាជំនួយរបស់ធនាគារADB ក្នុងទឹកប្រាក់ប្រមាណជា៩លានដុល្លារអាម៉េរិក ដែលគ្រោងស្ថាបនាបញ្ចប់នៅចុងខែមករាឆ្នាំ២០២២នេះ។ ផ្លូវស៊ីវត្ថាចាប់ពីស្តុបសណ្ឋាគារសុខា ឆ្ពោះទៅផ្សារចាស់មានប្រហែង ១ ៥០០ ម៉ែត្រ ជាជំនួយរបស់ធនាគារADBដែរ ដែលបានស្ថាបនារួចរាល់ហើយ។ ដូច្នេះសម្រាប់ឆ្នាំ២០២១នេះ ខេត្តសៀមរាប ទទួលបានថវិកាសម្រាប់ធ្វើការអភិវឌ្ឍទាំងថវិកាជាតិសម្រាប់ការស្ថាបនាផ្លូវ៣៨ខ្សែ និងថវិការបស់ធនាគារអាស៊ី សរុបមានប្រមាណជា១៦០លានដុល្លារអាម៉េរិក។

ឥឡូវនេះ ក្រុងសៀមរាប បានប្រែមុខមាត់ថ្មីហើយ មានផ្លូវស្អាត មានសោភណភាពស្រស់បំព្រង សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងបរទេស ដែលនិងមកដល់ក្រុងសៀមរាប និងឃើញពីភាពទាក់ទាញ់ ប្លែកអារម្មណ៍ ដោយនៅតាមដងផ្លូវមានការដាំផ្កាលម្អយ៉ាងស្រស់ស្អាត ជាពិសេសផ្លូវឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា វឌ្ឍនភាពស្ដីពីគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្រេចបាន១០០ភាគរយ តាមផែនការដែលបានគ្រោងទុក។ ដោយឡែកការងារបំពាក់បរិក្ខារលម្អតាមដងផ្លូវមាន កាមេរ៉ាសុវត្ថិភាពចំនួន២០០ទីតាំង ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៥ ០០៣ ដើម ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ចំនួន២០ទីតាំង ការងារដាំដើមឈើចំនួន ៣ ១២៥ ដើម និងការងារបំពាក់បរិក្ខារចរាចរណ៍ លើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ជាលទ្ធផលសម្រេចបាន ៧២,៧៤ភាគរយ៕ ប្រភព៖ ក្រសួងព័ត៌មាន


Telegram