សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា កន្លងទៅយើងពិតជាមានការព្រួយបារម្ភចំពោះវិស័យទេសចរណ៍ ដោយសារតែមានការផ្សព្វផ្សាយពីកម្ពុជាខុសពីការពិតតួយ៉ាងដូចជាបញ្ហាសន្តិសុខជាដើម ដែលនាំឱ្យមានការភ័យខ្លាចសម្រាប់ភ្ញៀវទេសចរ ជាពិសេសគឺភ្ញៀវទេសចរបរទេស។ តែផ្ទុយទៅវិញយើងទទួលបាននូវភ្ញៀវទេសចរច្រើនគួរឱ្យកត់សម្គាល់ដូចកាលពីព្រះរាជពិធីបុណ្យអុំទូកដែលទើបបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះជាដើម។
ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីដូចនេះ ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួន ៨ ៣៣៩ អង្គ/នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឱ្យតម្លៃពិតប្រាកដរបស់ភ្ញៀវទេសចរចំពោះស្ថិរភាព និងសុវត្ថិភាពរបស់ប្រទេសកម្ពុជាគឺនៅតែជាការពិត។ សម្តេចធិបតីបានថ្លែងអំណរគុណចំពោះការចូលរួមផ្សព្វផ្សាយល្អៗ របស់ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋនៅតាមបណ្តាញសង្គមនានា ក្នុងនោះក៏មានជនបរទេស ផងដែរ ដែលបានជួយផ្សព្វផ្សាយឱ្យកម្ពុជាតាមរយៈបណ្តាញសង្គម ដែលការផ្សព្វផ្សាយបែបនេះយើង ពុំបានចំណាយលុយទេ តែថែមទាំងមានអ្នកចូលទស្សនាខ្លះរហូតដល់ខ្ទង់លានដងថែមទៀតផង ដែលនេះជាផ្សព្វផ្សាយបែបវិជ្ជមាន និងមានផលចំណេញមួយសម្រាប់យើងខ្លាំងណាស់។ សម្តេចធិបតីបានគូសបញ្ជាក់ថា ជាការពិតគ្មានប្រទេសណាមួយដែលល្អឥតខ្ចោះនោះទេ សូម្បីតែប្រទេសមហាអំណាចក៏ដោយចុះក៏នៅមានកន្លែងខ្លះមានសំរាម មានជនគ្មានផ្ទះនៅដូចតែគ្នា ប៉ុន្តែបើយើងមានផ្នត់គំនិតបែបវិជ្ជមាន គឺយើងមានការផ្សព្វផ្សាយបែបវិជ្ជមាន។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា នេះហើយគឺជាការចូលរួមរបស់ប្រជាពលរដ្ឋទៅលើការងារផ្សព្វផ្សាយអំពីកម្ពុជា ដោយយើងមិនចាំបាច់យកលុយរាប់លានដុល្លារទៅជួលទូរទស្សន៍ឱ្យជួយផ្សព្វផ្សាយនោះទេ គឺយើងម្នាក់ៗ ជាពិសេសគឺអ្នកមានហ្វេសប៊ុកគឺជាម្ចាស់ទូរទស្សន៍មួយទៅហើយ។ អ៊ីចឹងហើយសូមជួយផ្សព្វផ្សាយពីកម្ពុជារបស់យើង ទើបយើងអាចទទួលបានផលល្អ ពោលគឺទេសចរក៏គេមក ហើយអ្នកវិនិយោគក៏គេមក៕ ប្រភពផេកក្រសួងព័ត៌មាន