ខេត្តកណ្តាល៖ លោក ហួត សីហា មេប៉ុស្តិ៍សំរោងធំ ត្រូវបានសម្តេចក្រឡាហោម ស ខេង ដកហូតមុខតំណែង ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ឲ្យមកជាមន្រ្តី និងបន្ថយឋានន្តរស័ក្កចំនួន ១ថ្នាក់ ឲ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ឯក មូលហេតុ ៖ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
ការដកហូតមុខតំណាង លោក ហួត សីហា នេះដែរ ធ្វើឡើងបន្ទាប់ពី លោកបានចុះចាប់គ្រឿងញៀនលើយុវជន៣នាក់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ នៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយជំរិតទារប្រាក់ពីយុវជនទាំង៣នាក់នោះ ចំនួន 3500$ ជាថ្នូរនឹងការដោះលែង ហើយត្រូវបានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យការិយាល័យ បុគ្គលិកចុះស្រាវជ្រាវករណីខាងលើ និងសួរនាំបានឲ្យដឹងថា លោកវរសេនីយ៍ត្រី ហួត សីហា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានអនុវត្តខុសនីតិវិធី ៕