បេសកជនពិសេសពិសេសថ្មីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ គាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា
ព័ត៌មានជាតិ
335

លោកជំទាវបណ្ឌិត ណូលីន ហៃហ្ស៊ើ (Noe le en Hayzer) បេសកជនពិសេសថ្មីរបស់ អគ្គលេខា អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បានមានប្រសាសន៍សម្ដែងនូវការគាំទ្រ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។

ឯកឧត្តម កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងដូច្នេះ បន្ទាប់ពីជំនួបសន្ទនាការងារ តាមប្រព័ន្ធវីដេអូអនឡាញ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ រវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ណូលីន ហៃហ្ស៊ើ (Noe le en Hayzer) បេសកជនពិសេសថ្មី របស់អគ្គលេខា អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា។

នៅក្នុងជំនួបនោះលោកជំទាវ Noe le en Hayzer បានអបអរសាទរសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ហើយជាពិសេសទៀតកម្ពុជាក៏មានប្រេសិតពិសេស របស់ប្រធានអាស៊ាន ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា។

លោកជំទាវគូសបញ្ជាក់ផងដែរថា លោកជំទាវ ពិតជាមានការរីករាយចំពោះអ្វីដែល សម្ដេចតេជោ នាយករដ្ឋមន្ត្រី កន្លងមក បានជំរុញការងារ ពាក់ព័ន្ធនឹងមីយ៉ាន់ម៉ានេះ ដោយសារមាននៅក្នុងស្មារតីមួយ មានការបន្ទាន់អំពីសភាពការណ៍មីយ៉ាន់ម៉ា ហើយលោកជំទាវ បានគូសបញ្ជាក់ផងដែរថា ក្នុងនាម សម្ដេចតេជោ នាយករដ្ឋមន្ត្រី ជាប្រធានអាស៊ាននេះ អង្គការសហប្រជាជាតិឃើញថា សម្ដេច អាចដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកិច្ចការអន្តរជាតិ ជាពិសេសលោកជំទាវរំពឹងថា អង្គការសហប្រជាជាតិ ក៏ដូចជាលោក ជំទាវ ក្នុងនាមជាបេសកជនពិសេសរបស់លោក អគ្គលេខាធិការអង្គការសហប្រជាជាតិនេះ អាចសហការគ្នាដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាផ្សេងៗ ក្នុងតំបន់ជាពិសេសបញ្ហាមីយ៉ាន់ម៉ាតែម្ដង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអរគុណលោកជំទាវ Noe le en Hayzer ដែលកន្លងមកធ្លាប់ធ្វើការជាមួយគ្នា ហើយលើកនេះយើងនឹងបន្តធ្វើការជាមួយ គ្នាទៀត ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រីបានអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងឱ្យដើរតួនាទីជាបេសកជនពិសេសរបស់លោកអគ្គលេខាធិ ការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ពាក់ព័ន្ធនឹងទស្សនកិច្ចរបស់សម្ដេចទៅកាន់មីយ៉ាន់ម៉ាកន្លងមកនេះ ដែលសំខាន់គឺមិនចេញឆ្ងាយ ពីធម្មនុញ្ញ អាស៊ាន ហើយនិងកុងសង់ស៊ីស៥ចំណុចដែលបានឯកភាពគ្នាជាឯកច្ឆ័ន្ទក្នុងប្រទេសអាស៊ានទាំង១០នោះទេ។លើសពីនេះទៀត សម្ដេចតេជោនាយករដ្ឋ មន្ត្រីក៏បានគូសបញ្ជាក់ដែរថា ថ្វីត្បិតក្នុងឆ្នាំ ២០២១ ការងារអាស៊ានវាមិនបានដើររលូននោះទេ ដូច្នេះអ្វីដែលសល់២០២១នោះមកដល់ឆ្នាំ២០២២នៅពេល វេលាដែលកម្ពុជាធ្វើជាប្រធានអាស៊ានជាអ្នកបន្តដោះស្រាយ។ សម្តេចតេជោបានបន្តថា គោលដៅរបស់សម្ដេចទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ាកន្លងមកនេះ គឺរកមធ្យោបាយដើម្បីបញ្ចប់ភាពហិង្សានិងបទឈប់បាញ់ ដែលជាកត្តាសំខាន់នៅក្នុងចំណុចដែលឯកភាពគ្នាជាឯកច្ឆន្ទទាំង ៥ ចំណុចរបស់អាស៊ាននេះ ជាពិសេសទៅទៀតគឺធ្វើយ៉ាងណាផ្ដល់ជំនួយ មនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ាដែលត្រូវការចាំបាច់នៅក្នុងគ្រានេះ។

លើសពីនេះទៀត សម្ដេចតេជោ នាយករដ្ឋមន្ត្រីបន្តថា យើងមិនអាចនៅជាប់គាំងក្នុង ស្ថានភាពនេះទេគឺធ្វើម៉េចគឺត្រូវរកមធ្យោបាយរកផ្លូវដើម្បីទម្លុះនូវស្ថានភាពជាប់គាំងនេះហើយសំខាន់ត្រូវចាប់យកឱកាសដើម្បីជំរុញការចចារនេះ ពិសេសទៅទៀតក្នុងផ្ទៃក្នុងអាស៊ាននេះយើងត្រូវទៅធ្វើការជាមួយគ្នាជាពិសេសដើម្បីឱ្យមានការឯកភាពគ្នា។ នៅក្នុងការងារនេះ សម្ដេចតេជោនៅតែគូសបញ្ជាក់ អំពីការងារពីរ ដែលជាអតិភាព ក្នុងការងារទាំង៥នោះ គឺទី១.បទឈប់បាញ់និងបញ្ឈប់អំពើហិង្សា។ ទី២.គឺការផ្ដល់ជំនួយមនុស្សធម៌។ នៅក្នុងន័យនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា យើងត្រូវតែធ្វើការជាមួយគ្នាមិនមែនត្រឹមតែអាស៊ានទេតែជាមួយនឹងអ្នកពាក់ព័ន្ធ ផ្សេងៗទៀតជាពិសេសរួមទាំងអង្គការសហប្រជាជាតិតែម្ដង។

សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរពាក់ព័ន្ធនឹងការធ្វើការងារនៅក្នុងបទឈប់បាញ់នេះ គឺ សម្ដេច មានគំនិតធ្វើយ៉ាងណាជំរុញឱ្យមានអាស៊ាន troika គឺដែលអា ស៊ាន troika មានកម្ពុជាជាប្រធានអាស៊ាន អតីតប្រធានអាស៊ានប្រទេសប្រ៊ុយណេនិងអនាគតប្រធានអាស៊ានគឺប្រទេសឥណ្ឌូណេស៊ីបូកនឹងអគ្គលេខាធិការអាស៊ានដើម្បីជំរុញការងារ នៅក្នុងការជំរុញ និងសម្រុះសម្រួល តាមដានសភាពការណ៍ អំពីការឈប់បាញ់គ្នានេះ។ ចំពោះការងារផ្ដល់ជំនួយមនុស្សធម៌ ដែលជាការងារអាទិភាពនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ដែរគឺថា តួនាទីក្នុងការងារនេះគឺទីមួយ គឺប្រេសិតពិសេសរបស់ប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន និង មជ្ឈមណ្ឌលអាហារ រួមទាំងការសម្រុះសម្រួលនៅភាគីខាងមីយ៉ាន់ម៉ា បូកនឹងភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដែល លោកជំទាវ អាចចូលរួមចំណែកនៅក្នុងការងារនេះផងដែរ។ នៅក្នុងឱកាសនោះ លោកជំទាវ Noe le en Hayzer នៅតែគូសបញ្ជាក់ម្ដងហើយម្ដងទៀតថា លោកជំទាវ ពិតជាអរគុណហើយគិតថាអ្វីដែល សម្ដេចតេជោនាយករដ្ឋមន្ត្រីកំពុងតែធ្វើនេះគឺសំខាន់ ដោយសារតែអង្គការ សហប្រជាជាតិឃើញតួនាទីសំខាន់របស់អង្គការតំបន់ជាពិសេសដូចជាអាស៊ានជាដើមនេះ។ ដូច្នេះ លោកជំទាវ មានការប្ដេជ្ញាចិត្តនឹងធ្វើការងារជាមួយប្រធានអាស៊ាននេះ ជាពិសេសធ្វើយ៉ាងណាកុំឱ្យស្ថានភាពនៅមីយ៉ាន់ម៉ានេះធ្លាក់ចុះជាងស្ថានភាពបច្ចុប្បន្ននេះ ។

ទន្ទឹមនេះដែរ លោកជំទាវ នៅតែគិតថាតួនាទីប្រធានអាស៊ាននេះ និងអាស៊ានពាក់ព័ន្ធផ្សេងទៀតមានសារៈសំខាន់ក្នុងការជំរុញ អនុវត្តន៍នូវកុងសង់ស៊ីស ៥ចំណុច ដែលមានការឯកភាពគ្នាជាឯកឆ្ឆន្ធនៅក្នុងអាស៊ានទាំង១០ប្រទេស។ លើសពីនេះទៅទៀតលោកជំទាវ ក៏បានមានប្រសាសន៍ផងដែរថា យើងនៅតែជំរុញធ្វើ យ៉ាងណាឱ្យនៅពេលងមុខនេះអាស៊ាន និងអង្គការសហប្រជាជាតិធ្វើការជាមួយគ្នាឱ្យបានជិតស្និទ្ធ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យលោកជំទាវ Noe le en Hayzer ធ្វើការងារផ្ទាល់ជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន គឺឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីធ្វើការសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងអង្គការសហប្រជាជាតិ ដើម្បីរកដំណោះស្រាយបញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ា៕ ប្រភព ៖ ក្រសួងព័ត៌មាន


Telegram