លោកជំទាវ ឱ វណ្ណឌីន ស្នើឱ្យស្ថាប័នសារព័ត៌មានមួយចំនួន គោរពនូវវិជ្ជាជីវៈសារព័ត៌មាន ចៀសវាងការផ្សព្វផ្សាយដែលនាំឱ្យមានការច្របូកច្របល់នៅក្នុងសង្គម
ព័ត៌មានជាតិ
93

រាជធានីភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្នុងឱកាសចុះពិនិត្យមើលការងារចាក់វ៉ាក់សាំងដូសជំរុញនៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានស្នើឱ្យស្ថាប័នសារព័ត៌មានមួយចំនួន គោរពនូវវិជ្ជាជីវៈសារព័ត៌មាន ចៀសវាងការផ្សព្វផ្សាយដែលនាំឱ្យមានការច្របូកច្របល់នៅក្នុងសង្គម ព្រោះថារាល់វ៉ាក់សាំងគ្រប់ប្រភេទដែលបាននិងកំពុងតែប្រើប្រាស់នៅកម្ពុជាយើងនេះ សុទ្ធតែជាវ៉ាក់សាំងដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្រោមលក្ខខណ្ឌបន្ទាន់ដោយអង្គការសុខភាពពិភពលោក (WHO) ហើយរាល់វ៉ាក់សាំងសុទ្ធតែមានប្រសិទ្ធភាពក្នុងការការពារវីរុសកូវីដ-១៩ រួមទាំងពពួកបំប្លែងថ្មីផងដែរ។

ការថ្លែងបញ្ជាក់នេះ ដើម្បីឆ្លើយតបទៅនឹងសារព័ត៌មានក្នុងស្រុកមួយ ដែលមានឈ្មោះថា វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ដែលកាលពីពេលថ្មីៗនេះ បានផ្សព្វផ្សាយបំផ្លើស និងនាំឱ្យច្របូកប្របល់ពាក់ព័ន្ធនឹងវ៉ាក់សាំង ដោយលោកជំទាវ បានសង្កត់ធ្ងន់ថា ៖ “ប្រហែលជាអ្នកសួរ និងអ្នកឆ្លើយ គ្មានចំណេះដឹង ឬមិនយល់អ្វីទាំងអស់តែម្តង ពាក់ព័ន្ធនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ខ្ញុំសូមបញ្ជាក់ថាវ៉ាក់សាំងនូវតែជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតដើម្បីការពារបងប្អូនប្រជាពលរដ្ឋពីការស្លាប់ ការពារពីការឈឺធ្ងន់ឈានទៅដល់ការសម្រាកពេទ្យជាដើម ហើយវ៉ាក់សាំងទាំងអស់ដែលកំពុងប្រើប្រាស់នៅកម្ពុជាយើងនេះ ស្ថិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោកទាំងអស់។ យើងអត់មានទៅយកវ៉ាក់សាំងណា ដែលមិនមានការទទួលស្គាល់ យកមកប្រើប្រាស់នោះទេ ព្រោះកម្ពុជាយើងក្រោមការចង្អុរបង្ហាញពីសម្តេចតេជោ នាយករដ្ឋមន្ត្រី លោកមានការគិតគូរខ្ពស់ណាស់ ហើយសូម្បីតែរូបខ្ញុំផ្ទាល់ក៏ចាក់វ៉ាក់សាំងប្រទេសចិនដែរ គឺស៊ីណូហ្វាម ដែលមកទល់ពេលនេះគឺខ្ញុំចាក់បានបីដូសហើយ”។

លោកជំទាវ បានស្នើឱ្យស្ថាប័នសារព័ត៌មាន ត្រូវផ្សព្វផ្សាយដោយឈរលើគោលការណ៍គោរពវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន ហើយបើទោះជាមានចំនួនតិចតួចដែលមិនផ្សព្វផ្សាយគោរពគោលការណ៍វិជ្ជាជីវៈ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានមិនពិត បំផ្លើស និងបំភ្លៃទាំងនេះ នឹងនាំឱ្យមានការច្របូកច្របល់នៅក្នុងសង្គមជាតិ។ លោកជំទាវ បានសង្កត់ធ្ងន់ថា ៖ “ស្ថាប័នសារព័ត៌មានមួយចំនួនតូចនេះ ហាក់ដូចជាមិនមានវិជ្ជាជីវៈសោះតែម្តង ឬនិយាយឱ្យងាយយល់ គឺពួកគាត់មិនបានរៀនសូត្រ មិនបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ហើយក៏ចេះតែមកប្រកបរបរនេះ ទាំងនេះគឺប្រៀបបាននឹងគ្រូពេទ្យដែលមិនបានចូលសាលាដូច្នោះដែរ ដែលមិនបានរៀនសូត្រសោះតែតាំងខ្លួនជាគ្រូពេទ្យមកព្យាបាលអ្នកជំងឺ ដូច្នេះចង់ឬមិនចង់អ្នកជំងឺប្រាកដជាអន្តរាយហើយ”។

ដោយឡែកចំពោះការផ្សាយរបស់ VOD នេះ ពាក់ព័ន្ធនឹងការចាក់ដូសទី៣វិញ លោកជំទាវ ឱ វណ្ណឌីន បានពន្យល់ថា ៖ “សូមមេត្តាយល់ ហើយនិងសិក្សាស្រាវជ្រាវជាមុនសិន ព្រោះថាការចាក់ដូសទី៣នេះ មិនមែនតែចាក់នៅកម្ពុជាយើងទេ នៅតាមបណ្តាប្រទេសជាច្រើននៅក្នុងពិភពលោក គេបាននិងកំពុងចាក់ដូសទី៣នេះរួចទៅហើយ ដើម្បីជំរុញអង្គបដិបក្ខការពារបុគ្គលបន្ថែមទៀតពីការវាយលុកដោយវីរុសកូវីដ-១៩។ ខ្ញុំលើកជាឧទាហរណ៍ មានដូចជាសហរដ្ឋអាម៉េរិកជាដើម ដែលពេលនេះកំពុងជំរុញប្រជាពលរដ្ឋគេឱ្យចាក់ដូសទី៣ ហើយប្រទេសមួយចំនួនវិញ បានសម្រេចឱ្យការចាក់វ៉ាក់សាំងគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគេទៅហើយ។ ដូច្នេះគោលនយោបាយយុទ្ធសាស្រ្ត នៃការចាក់វ៉ាក់សាំងដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺជាការត្រឹមត្រូវ ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋយើងពីជ្រោះមរណៈ។ និយាយទៅគឺរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានសិក្សាច្បាស់លាស់ណាស់ ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះ ហើយយើងតែងតែប្រឹក្សាយោបល់ និងអនុវត្តទៅតាមសេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោកអំពីរឿងចាក់វ៉ាក់សាំងនេះ”។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ គឺជាការចាប់ផ្តើមនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដោយប្រើវ៉ាក់សាំងប្រភេទ Pfizer ជូនបងប្អូនជនរួមជាតិទាំងអស់ (គន្លាតចាប់ពី៤ខែឡើង បន្ទាប់ពីចាក់ដូសទី៣រួច) ប៉ុន្តែសម្រាប់ទីតាំងវិញគឺមានតែនៅរាជធានីភ្នំពេញប៉ុណ្ណោះ ដោយមូលហេតុពាក់ព័ន្ធនឹងសីតុណ្ហភាពនៃការរក្សាទុកវ៉ាក់សាំង៕ ប្រភព៖ AKP


Telegram