ខេត្តកំពង់ធំ៖ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ សល់តែជើងសសរផ្ទះ ទោះអ្នកភូមិ និងរថយន្តពន្លត់អគ្គិភ័យខំបាញ់ពន្លត់ ក៏មិនអាចទប់ស្កាត់នូវការឆាបឆេះនេះបាននោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិបឹងរលំ ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុមានឈ្មោះ ឡុង អៀង ភេទប្រុស អាយុ ៥២ឆ្នាំ និងប្រពន្ធឈ្មោះ បិន ពាន អាយុ ៤២ឆ្នាំ ហើយផ្ទះដែលអគ្គិភ័យឆាបឆេះនេះ ជាប្រភេទសំណង់ផ្ទះឈើទំហំ ៦ម៉ែត្រ គុណ០៨ម៉ែត្រ ដំបូលប្រក់ក្បឿង អស់ទាំងស្រុង , ប្រាក់រៀលចំនួន ២លានរៀល, ប្រាក់ដុល្លារចំនួន ៥០០ដុល្លារ, ផ្លាកទីនចំនួន ៥ជី , ម៉ាស៊ីនកាត់ស្មៅចំនួន ១គ្រឿង, ម៉ាស៊ីនបូមទឹកចំនួន ១គ្រឿង, ទូរស័ព្ទដៃចំនួន ១គ្រឿង, ម៉ាស៊ីនគៀបទឹកអំពៅចំនួន ១គ្រឿង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។
ភ្លាមៗគេឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់ អធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានចេញបាញ់ពន្លត់១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣រថយន្ត ស្មើនិង ១២ម៉ែត្រគុប ទើបរលត់ទាំងស្រុង ។ ចំណែកមូលហេតុ បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ៕