រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើពិធីប្រគល់-ទទួល រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួចចំនួន០៤គ្រឿង ជាជំនួយរបស់ប្រជាជនជប៉ុនដែលបានផ្តល់ជូនតាមរយៈរដ្ឋបាលសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅព្រះរាជណាចក្រកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សូមបញ្ជាក់ថា ចំពោះរថយន្តពន្លត់អគ្គិភ័យប្រភេទថ្មីចំនួន ៤គ្រឿងខាងលើនេះ គឺផ្ដល់នូវសារៈសំខាន់សម្រាប់ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ។
ជាពិសេសទៅទៀតនោះ មានរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ដែលមានជណ្តើរសម្រាប់ប្រើប្រាស់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជាប់គាំងនៅលើអាគារខ្ពស់មិនអាចចុះមកខាងក្រោម ចំណែកឯ រថយន្តពន្លត់អគ្គិភ័យមួយទៀត គឺប្រើប្រាស់សម្រាប់ការបាញ់ទឹកពន្លត់ ដែលក្នុងនោះ ប្រើប្រាស់នៅម្ស៉ៅសាប៊ូ ៕