នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម Ismail Sabri Yaakob នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។
នៅក្នុងជំនួបនេះមានចំណុច២សំខាន់ៗត្រូវបានលើកឡើងដែល ទី១)គឺកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណុចទី២) គឺកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ជាពិសេសវិបត្តិនៅមីយ៉ាម៉ា ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានជួបសម្តែងការគួរសមជាមួយសម្តេចនៅព្រឹកនេះ សម្តេចតេជោ បានគូសបញ្ជាក់អំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ ដែលមានការរីកចម្រើន ដោយមានកិច្ចសហប្រតិបត្តិការល្អ ពិសេសទំហំពាណិជ្ជកម្មរបស់យើងនៅរក្សាបានការកើនឡើងជាលំដាប់។
សម្តេចតេជោក៏បានអបអរសាទរចំពោះការគ្រប់គ្រង និងការដឹកនាំពិសេសក្នុងការគ្រប់គ្រងកូវីដ-១៩ របស់ប្រទេសម៉ាឡេស៊ី ក្នុងការគ្រប់គ្រងនិងការឆ្លើយតបទៅនឹងវិបត្តិធម្មជាតិគ្រោះទឹកជំនន់កន្លងមកនៅក្នុងប្រទេសម៉ាឡេស៊ី ។
សម្តេចតេជោក៏បានអរគុណ ឯកឧត្តមនាយករដ្ឋមន្រ្តី ផងដែរចំពោះការដែលឯកភាពក្នុងការតែងតាំង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសនៃប្រធានអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើប្រធាននេះ។ សម្តេចតេជោក៏បានគូសបញ្ជាក់ផងដែរថា មានសមាជិកអាស៊ានផ្សេងទៀតដែលបានគាំទ្រប្រេសិតពិសេសររបស់ប្រធានអាស៊ាន គឺឯកឧត្តមប្រាក់សុខុន ។
សម្តេចតេជោ ក៏បានអរគុណ ឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលទៅធ្វើការនៅម៉ាឡេស៊ី ជាពិសេសក្នុងការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនៅម៉ាឡេស៊ី ។ សម្តេចតេជោ ក៏បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្រ្តីផងដែរថា បច្ចុប្បន្នក៏មានប្រជាពលរដ្ឋម៉ាឡេស៊ីចំនួន ២៩៦៨នាក់ ដែលកំពុងធ្វើការរស់នៅប្រទេសកម្ពុជា ក៏បានទទួលការចាក់វ៉ាក់សាំងនៅកម្ពុជាផងដែរ ។
លើសពីនេះទៀត សម្តេចនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីការលំបាកកន្លងទៅនេះដោយសារស្ថានភាពកូវីដ-១៩ នៅក្នុងពិភពលោក ។ សម្តេចក៏អរគុណប្រទេសម៉ាឡេស៊ី ដែលបានបញ្ជូនគណៈប្រតិភូម៉ាឡេស៊ីមកចូលរួម វេទិកាទេសចរណ៍អាស៊ាន និងរដ្ឋមន្រ្តីអាស៊ាននៅខេត្តព្រះសីហនុកន្លងមកនេះដោយទទួលបានជោគជ័យ។
សម្ដេចតេជោក៏បានមានប្រសាសន៍អំពីការងារ និងកិច្ចការអាស៊ាន ព្រមទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាផងដែរ ។ សម្ដេចតេជោ បានមានប្រសាសន៍ពីគោលបំណងក៏ដូចជាលទ្ធផលទៅទស្សនៈកិច្ចការងារនៅប្រទេសមីយ៉ាន់ម៉ាកន្លងទៅថ្មីៗនេះ ព្រមទាំងបង្ហាញអំពីវិធានការដែលនឹងត្រូវធ្វើបន្តទៀត។
សម្ដេចបានបញ្ជាក់ថា ការអញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាម៉ានេះ គឺដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្ដែង និងចង់ដឹងអ្វីដែលជាបញ្ហាសំខាន់ៗ តើប្រទេសមីយ៉ាម៉ាអាចធ្វើអ្វីខ្លះ? ដើម្បីអនុវត្តនូវចំណុចទាំង៥ ដែលបានឯកភាពគ្នាកន្លងមកនេះ។ លើសពីនេះទៅទៀតដំណើរទស្សនកិច្ចនោះក៏បាននាំនូវអំណោយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ាផងដែរ។ ហើយសម្ដេចនឹងខិតខំធ្វើការងារជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ជាបន្តទៀត ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហានៅមីយ៉ាម៉ា។ លទ្ធផលមួយទៀត គឺបានជំរុញឲ្យមានកិច្ចសន្ទនា ដែលស្ថិតនៅក្នុងចំណុចទាំង៥ ដែលបានឯកភាពគ្នាជាឯកច្ឆន្ទនោះ ។
សម្ដេចបានមានប្រសាសន៍ថា ស្ថានភាពនៅមីយ៉ាន់ម៉ាពិតជាមានភាពស្មុគស្មាញ និងមានការលំបាក ដូច្នេះមិនអាចដោះស្រាយក្នុងរយៈពេលខ្លីបាននោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងធ្វើយ៉ាងណាឲ្យមានការចរចារកដំណោះស្រាយ និងត្រូវមានការបញ្ជូនអំណោយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការជាចាំបាច់នោះ ។
សម្ដេចតេជោក៏បានជម្រាបជូនទៅកាន់ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីទៀតថា ក្រោយពីទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាម៉ាហើយនោះ ស្រាប់តែមានការកាត់ទោសលោកជំទាវ អោង សានស៊ូជី រយៈពេល៤ ឆ្នាំ និងការប្រើប្រាស់យន្តហោះក្នុងប្រតិបត្តិការយោធា។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចនឹងជួបពិភាក្សាតាមវីដេអូជាមួយនឹង ឯកឧត្តម មីន អោងឡាង នៅថ្ងៃស្អែក ដើម្បីចង់ដឹងបន្ថែមទៀត អំពីការងារទាំងអស់នេះ។ សម្ដេចតេជោបានមានប្រសាសន៍ថាពេលនេះស្ថានភាពនៅមីយ៉ាន់ម៉ាមានលក្ខណៈស្មុគស្មាញមែនទែនដោយសារមានរដ្ឋាភិបាលដល់ទៅពីរឯណោះ រួមទាំងរដ្ឋាភិបាលស្រមោលផងដែរ។
សម្ដេចបានលើកឡើងថា សម្ដេចបានអញ្ជើញឯកឧត្តម មីន អោងឡាង ចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនៈភាពរីកចម្រើនក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងចំណុចទាំង៥ ដែលបានព្រមព្រៀងជាឯកច្ឆន្ទនោះ តែបើសិនជាមិនមានទេ ត្រូវបញ្ជូនតំណាងដែលមិនមែននយោបាយចូលរួមប្រជុំអាស៊ានផងដែរ។
សម្ដេចតេជោក៏បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីសំណើរបស់សម្ដេចក្នុងការបង្កើតយន្តការ២ ដើម្បីរកច្រកចេញក្នុងការការងារនេះ ៖
យន្តការទី១)យន្តការ អាស៊ាន-ត្រយការ ដើម្បីជួយសម្របសម្រួល និងតាមដានវឌ្ឍនភាពនៃការអនុវត្តនៃកិច្ចព្រមព្រៀងដោយឯកច្ឆន្ទទាំង៥ ចំណុច ដែលមានកម្ពុជាប្រធានអាស៊ានបច្ចុប្បន្ន មានព្រុយណេជាអតីតប្រធានអាស៊ាន និងឥណ្ឌូណេស៊ីជាប្រធានអាស៊ានបន្ទាប់ពីកម្ពុជា បូករួមទាំងអគ្គលេខាធិការអាស៊ានផងដែរ។
យន្តការទី២) គឺយន្តការពាក់ព័ន្ធ ដើម្បីធ្វើការសម្របសម្រួលជំនួយមនុស្សធម៌ ឲ្យទៅដល់ដៃប្រជាពលរដ្ឋមីយ៉ាន់ម៉ា ជាពិសេសមានប្រេសិតពិសេសរបស់ប្រធានអាស៊ាន មានមជ្ឈមណ្ឌលអាហារ មានភាគីខាងមីយ៉ាន់ម៉ា មានភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌អន្តរជាតិផងដែរ។
សម្ដេចតេជោបានមានប្រសាសន៍ថា នៅពេលនេះអាស៊ានពិតជាមានការងារជាច្រើនទៀតដែលត្រូវធ្វើ ដូច្នេះអាស៊ានយើងមិនអាចក្លាយទៅជាចំណាប់ខ្មាំងនៃមីយ៉ាម៉ាបានទេ។
ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានជូនពរសម្ដេចតេជោក្នុងឱកាសឆ្នាំថ្មីនេះ និងបានអបអរសាទរចំពោះកម្ពុជាដែលបានទទួលធ្វើជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២ នេះ។ ឯកឧត្តមក៏បានមានប្រសាសន៍អំពីមូលបទដែលត្រូវធ្វើការជាមួយគ្នា ក្នុងនាមជាគ្រួសារអាស៊ាន យើងត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយសម្រាប់អាស៊ានយើងនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា កម្ពុជាគឺជាដៃគូដ៏សំខាន់ របស់ប្រទេសម៉ាឡេស៊ី បច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ មានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០២០ និង២០២១កន្លងទៅនេះ ដែលទាំងអស់នេះឆ្លុះបញ្ចាំងអំពីទំនាក់ទំនងប្រទេសយើងទាំងពីរមានការរីកចម្រើន នៅក្នុងវិស័យវិនិយោគ ពាណិជ្ជកម្មនេះ ។ ឯកឧត្តមបានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី៥៥ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ។ ឯកឧត្តមពិតជាយល់អំពីដំណើរទស្សនកិច្ចការងាររបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលវាមានសារៈសំខាន់សម្រាប់អាស៊ានផង និងសហគមន៍អន្តរជាតិ។ ឯកឧត្តមបានមានប្រសាសន៍អំពីសារសំខាន់ក្នុងការដោះស្រាយនៅមីយ៉ាម៉ាដែលទាមទារត្រូវតែចូលរួមទាំងអស់គ្នា ជាពិសេសនៅក្នុងក្របខណ្ឌធម្មនុញ្ញអាស៊ាន។ ឯកឧត្តមក៏បានអំពាវនាវអោយមានការដោះលែងអ្នកទោសនយោបាយទាំងអស់ នៅប្រទេសមីយ៉ាន់ម៉ា រួមទាំង លោកជំទាវ អោង សានស៊ូជី ផងដែរ ។ ឯកឧត្តមបានមានប្រសាសន៍ទាក់ទងទៅនឹងជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាហារ ដែលត្រូវធ្វើយ៉ាងណាឲ្យបានទៅដល់ដៃប្រជាពលរដ្ឋមីយ៉ាន់ម៉ា ។
នៅក្នុងជំនួបនេះដែរ ឯកឧត្តម នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី បានមានប្រសាសន៍ថា ឯកឧត្តមបានទទួលយកទាំងអស់នូវការលើកឡើងរបស់សម្ដេចតេជោក៏ដូចជាសំណើរដែល សម្ដេចតេជោ បានដាក់ចេញនេះ ជាពិសេសការស្នើសុំឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន និងឧត្តមមន្ត្រីអាស៊ាន ដើម្បីជួបពិភាក្សាគ្នា ។ ចំពោះប្រេសិតពិសេសអាស៊ានវិញឯកឧត្តមបានគាំទ្រ ដើម្បីធ្វើយ៉ាងណាឲ្យប្រេសិតពិសេសនេះ អនុវត្តនូវចំណុចទាំង៥ ដែលមានការព្រមព្រៀងគ្នាជាឯកច្ឆ័នកន្លងមកនោះ ។ ឯកឧត្តមបានមានប្រសាសន៍ថា ការខិតខំរបស់យើងក្នុងការកសាងសហគមន៍អាស៊ាននេះ គឺនៅតែបន្តទៅមុខជានិច្ច អ្វីដែលយើងបានសម្រេចហើយ យើងត្រូវតែអនុវត្ត ។ ឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាក្នុងការសន្ទនាជាមួយនឹងឯកឧត្តមនាព្រឹកនេះ។ ឯកឧត្តមនឹងបន្តខិតខំ ក្នុងការកសាងសហគមន៍អាស៊ាន ក្រោមការដឹកនាំរបស់កម្ពុជាដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ នេះ ហើយបើស្ថានភាពល្អប្រសើរឯកឧត្តមនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយផ្ទាល់នៅកម្ពុជា។
សម្ដេចតេជោបានមានប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាប្រទេសតូចមែន ប៉ុន្តែប្រទេសកម្ពុជាមានលទ្ធភាពច្រើនក្នុងការស្រូបទិញ ទំនិញពីប្រទេសម៉ាឡេស៊ី គឺមានច្រើន ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ សម្ដេចបន្តថា យើងនឹងជំរុញកិច្ចសហប្រតិបត្តិការនេះបន្តទៀត លើគ្រប់វិស័យតាមអ្វីដែលយើងអាចធ្វើបាន ។ សម្ដេចតេជោក៏បានអញ្ជើញ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលសមស្របណាមួយខាងមុខ មុនពេលកិច្ចប្រជុំកំពូលអាស៊ាន ។ សម្តេចបានបន្តទៀតថា បច្ចុប្បន្ននេះកម្ពុជាយើងមានប្រជាពលរដ្ឋម៉ាឡេស៊ីដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសកម្ពុជា ហើយកម្ពុជាបានយកចិត្តទុកដាក់ចំពោះពួកគាត់ ពិសេសថ្មីៗនេះយើងបានផ្ដល់នូវការចាក់វ៉ាក់សាំង Covid-19 ទៅដល់ពួកគាត់ផងដែរ។
ជាចុងក្រោយសម្ដេចតេជោក៏បានជូនពរឲ្យ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជួបតែសេចក្តីសុខសេចក្តី ចម្រើនក្នុងឱកាសឆ្នាំថ្មីនេះ និងជោគជ័យជាបន្តបន្ទាប់ទៀត៕