រាជធានីភ្នំពេញ ៖ មហាសន្និបាតពិភពលោកឆ្នាំ២០២២ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក (World-Bays Club) នឹងប្រព្រឹត្តទៅនៅក្នុងខែធ្នូ ឆ្នាំ២០២២នេះ នៅខេត្តព្រះសីហនុ និងតំបន់រមណីយដ្ឋានតារាសាគរ ក្នុងខេត្តកោះកុង។
លោក Bruno Bodard ស្ថាបនិក និងជាអគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បានសរសេរ នៅក្នុងសារលិខិតមួយចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ គោរពផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា ៖ «ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានទទួលយល់ព្រមធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតពិភពលោករបស់ក្លឹបឆ្នេរសមុទ្រស្អាតដែលបំផុតលើសកលលោក ឆ្នាំ២០២២ ដែលជាលទ្ធផលនៃជំនួបសម្តែងការគួរសមប្រកបដោយភាពស្និទ្ធស្នាល មិត្តភាព និងស្មោះត្រង់ រវាងយើងទាំងពីរ នាឱកាសពិធីបុណ្យសមុទ្រ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង»។
ក្នុងសារលិខិតនោះ លោក Bodard ក៏បានស្នើសុំសម្តេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក ឬកម្មវិធីណាមួយ នៃអង្គមហាសន្និបាតពិភពលោកនេះផងដែរ។
លោកបានគូសបញ្ជាក់បន្ថែមថា ៖ «មហាសន្និបាតពិភពលោកឆ្នាំ២០២២ នឹងក្លាយជាឱកាសដ៏ល្អមួយដើម្បីបង្ហាញដល់សមាជិកនៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នូវគំរូដ៏ពិសេសក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រដែលសម្រេចបានដោយព្រះរាជាណាចក្រកម្ពុជា»។
ប្រទេសកម្ពុជាធ្លាប់រៀបចំព្រឹត្តិការណ៍ពិភពលោកមួយនេះម្តងហើយ កាលពីឆ្នាំ២០១៣ នៅរមណីយដ្ឋានបូកគោឋានសួគ៌ ខេត្តកំពត។
ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាលាតសន្ធឹងប្រមាណ ៤៥០គីឡូម៉ែត្រក្នុងខេត្តចំនួន ៤ គឺខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដែលត្រូវបានប្រសិទ្ធនាមថាជា “តារារះនៅទិសនិរតី”។ សូមរម្លឹកផងដែរថា កម្ពុជា បានក្លាយជាសមាជិកនៃក្លឹបឆ្នេរសមុទ្រស្អាតបំផុតក្នុងពិភពលោក កាលពីពាក់កណ្តាលឆ្នាំ២០១១៕ប្រភពAKP