សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសជំហរយ៉ាងម៉ឹងម៉ាត់រកអ្នកទទួលខុសត្រូវក្នុងការនាំយកសារធាតុញៀនចូលទឹកដីកម្ពុជា ខណៈដែលបច្ចុប្បន្នគ្រឿងញៀនបានក្លាយជារឿងដ៏រសើបខ្លាំងបន្ទាប់ពីសមត្ថកិច្ចកម្ពុជាបានរកឃើញនូវសារធាតុញៀនដែលអាចផ្សំជាគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់កាលពីពេលកន្លងទៅថ្មីៗនេះ ត្រូវបានឧក្រិដ្ឋជននាំចូលនិងយកទឹកដីកម្ពុជាជាទីផ្សារផលិតនិងចែកចាយ។
នៅចំពោះមុខមន្រ្តីជាន់ខ្ពស់នគរបាលជាតិកម្ពុជាជាច្រើនរូប កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា “អ្នកណាទទួលខុសត្រូវក្នុងការនាំយកសារធាតុញៀននេះមក។ ខ្ញុំគិតថាត្រូវរកឱ្យឃើញអ្នកទទួលខុសត្រូវពីព្រោះនាំគ្នាចុះហត្ថលេខាអនុញ្ញាតឱ្យគេនាំចូលមក”។ សម្តេចក្រឡាហោម បានប្រដូចការនាំចូលសារធាតុញៀនចូលទឹកដីកម្ពុជានេះដូចជាករណីចោរលួចឡាន អញ្ចឹង ដោយចោរវាមិនអាចលួចនាំចូលឡានថ្មីចូលតែម្តងនោះទេ គឺដំបូងដោះកង់ពីរចេញសិន បន្ទាប់មកដោះកង់ពីរចេញទៀត ក្រោយមកទៀតនាំចង្កៀង នាំតួ នាំម៉ាស៊ីន ចុងក្រោយយកមកបង្គុំចេញជាឡានថ្មី ដូចនាំយកឡានថ្មីចូលមកអញ្ចឹង។ “សារធាតុញៀននេះខ្ញុំគិតនោះទេ គឺដូចគ្នាអញ្ចឹងវាអត់មានអីខុសនោះទេ”។ ត្រង់ចំណុចនេះសម្តេចក្រឡាហោមបានស្នើឱ្យក្រសួងដែលជាម្ចាស់ចេញអាជ្ញាប័ណ្ណសុំមើលបញ្ហានេះ។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចក្រឡាហោម។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ សម្តេចក្រឡាហោម មិនបានបញ្ចេញឈ្មោះក្រសួងមួយណាដែលទទួលខុសត្រូវលើការងារខាងលើនេះនោះទេ ដោយសម្តេចគ្រាន់តែទាញការចាប់អារម្មណ៍ថា បើករណីនេះមិនត្រូវបានដោះស្រាយនោះ ច្បាស់ណាស់រដ្ឋមន្រ្តីដែលទទួលបន្ទុកការងារនេះនឹងទទួលខុសត្រូវចំពោះមុខសង្គមកម្ពុជាទាក់ទងនឹងការបំផ្លាញសុខភាពសាធារណៈ។
យ៉ាងណាក៏ដោយចុះ សម្តេចក្រឡាហោម ក៏បានបញ្ជាឱ្យអាជ្ញាធរគ្រឿងញៀនក៏ត្រូវមើលការងារមួយនេះឱ្យបានច្បាស់លាស់ផងដែរហើយត្រូវតាមមើលការងារមួយនេះ៕ ប្រភព៖ ក្រសួងព័ត៌មាន