មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ៖ ការសាងសង់ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចបាន ៦៣ភាគរយហើយ
ព័ត៌មានជាតិ
283

រាជធានីភ្នំពេញ​​ ៖​​ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ -- ការសាងសង់ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចបាន ៦៣. ៧ភាគរយហើយ បើតាមផែនការ គម្រោងនេះនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅខែមីនា ឆ្នាំ២០២៣ខាងមុខ។

មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការសាងសង់ស្ពានបេតុងឆ្លងកាត់ ទន្លេសាបស្របនឹងស្ពានបាឡេ ដែលកំពុងធ្វើចរាចរណ៍រាល់ថ្ងៃ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ គិតត្រឹម ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ សម្រេចបាន ៦៣.៧ភាគរយ។ តាមផែនការ គម្រោងសាង សង់ នឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៣ នាពេលខាងមុខ។ គម្រោងស្ពាននេះ មានរចនាបទទំនើប ដែលមានសសរធំចំនួន ៤បង្គោល មានកម្ពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។

មន្ត្រីរូបនោះបញ្ជាក់ថា គម្រោងស្ពាននេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិ លេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ ហើយក៏ជា ការបង្កើតផ្លូវ ថ្មីតភ្ជាប់ចរាចរក្នុងទីក្រុង ទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ នាពេលខាងមុខ។

សូមបញ្ជាក់ថា ស្ពានបេតុងដែលស្ថាបនានៅអមជាមួយស្ពានបាឡេនៅមុខឃ្លាំង សាំងនេះមានប្រវែង ៩២២ម៉ែត្រ មានទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមាន ទទឹង ១,២៥ម៉ែត្រសងខាង, កម្ពស់សសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាល ស្ពាន៣៤ម៉ែត្រ។ សសរសម្រាប់ព្យួរ ខ្សែកាបមានសសរចំនួន៤, គន្លងខ្សែយានយន្ត ទទឹង៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ២ខ្សែ ទៅ២ខ្សែមក, កម្ពស់នាវាចរ ក្រោមស្ពានអតិបរមា នៅរដូវវស្សា ១០.៥ម៉ែត្រ, កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅរដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ ស្លាកសញ្ញាចរាចរ។ ស្ពាននេះសាងសង់ ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេលវេលា ២៨ខែ និងប្រើប្រាស់ថវិកាអស់ចំនួន ៣៥ លានដុល្លារ អាម៉េរិក៕


Telegram