ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានឪពុកម្តាយក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួន ក្រោយបានធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីអាយុទើបតែ១២ឆ្នាំម្នាក់ ខណៈនាងកំពុងអង្គុយបត់ជើងតូចតែម្នាក់ឯង បានសម្រេច ដល់ទៅ២លើក រហូតនាងមានផ្ទៃពោះ ២៨សប្តាហ៍ ទើបបែកការណ៍។
ហេតុការណ៍នេះបានកើតឡើងកាលពីអំឡុងឆ្នាំ២០២០ ក្នុងភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឭ ខេត្តកណ្តាល រហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ទើបបែកការណ៍ ដឹងថាកូនស្រីមានផ្ទៃពោះ ក៏នាំកូនមកប្តឹងសមត្ថកិច្ច ។
ជនសង្ស័យដែលឃាត់ខ្លួននេះមានឈ្មោះ ជួ វង្ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១២ឆ្នាំតែប៉ុណ្ណោះ (សតិវិបល្លាស) ។
តាមការបញ្ជាក់ពីម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១២ថ្ងៃត្រង់ ប្តីរបស់គាត់បានសួរមកគាត់ថា៖ ឯងកូនស្រីយើងវាឈឺអី បានជាពោះរបស់វាចេះតែធំអ៊ីចឹង? គាត់បានឆ្លើយថា កាលមុនគ្រូពេទ្យថា កូនយើងខ្យល់ចូលពោះ ព្រោះពោះវៀនកូនស្រីយើងមានតទុយោ ចាំពេលឯងបើកលុយចាំខ្ញុំយកវាទៅពិនិត្យ នៅមន្ទីរពេទ្យ ។ លុះដល់ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ គាត់បានយកកូនស្រីទៅពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាល និងសម្ភពអរុណរះ ព្រែកព្នៅ រាជធានីភ្នំពេញ គ្រូពេទ្យបានប្រាប់ថា កូនស្រីគាត់មានផ្ទៃពោះ២៨សប្តាហ៍០១ថ្ងៃ គាត់ក៏ត្រឡប់មកផ្ទះវិញ ។ រហូតមកដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ គាត់ក៏ប្រាប់ប្តីថា៖ កូនយើងមានផ្ទៃពោះ និងបានលួងលោមសួរនាំកូនថា៖ អ្នកណាធ្វើឲ្យកូនឯងមានផ្ទៃពោះ?ពេលនោះកូនស្រីរបស់គាត់ក៏ប្រាប់ថា ឈ្មោះ វង្ស បានរួមភេទ ចំនួន២លើក ។ លុះមកដល់នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ក៏មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អុស ប្តឹងចោទប្រកាន់ទៅលើឈ្មោះ ជួ វង្ស ដែល បានចាប់រំលោភកូនស្រីរបស់ខ្លួនតែម្តង ។
តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា៖ នៅថ្ងៃខែពុំចាំ ក្នុងឆ្នាំ២០២០ មុនបុណ្យភ្ជុំបិណ្ឌ រូបខ្លួនបានដើរត្រឡប់មកពីលេងបាល់ទះវិញ ក៏បានជួបជាមួយជនរងគ្រោះ កំពុងអង្គុយនោមនៅខាងក្រោយផ្ទះពេលស្ងាត់នោះ ខ្លួនបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈទៅលើជនរងគ្រោះនៅក្បែរពាងទឹកខាងក្រោយផ្ទះឈ្មោះ វុន បានសម្រចចំនួន០១លើក។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនមកសាលាដំបូងខេត្តកណ្ដាល ចាត់ការតាមនីតិវិធីច្បាប់៕



