ខេត្តរតនគិរីឆ្នាំ២០២២ ភ្ញៀវទេសចរកើនឡើង១៧.១៦% នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ
ព័ត៌មានជាតិ
142

ខេត្តរតនគិរី ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ មានប្រសាសន៍អោយដឹងនៅរសៀលថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០២២នេះថា ពិធីបុណ្យចូលឆ្នាំចិន-វៀតណាមរយៈពេល៣ថ្ងៃ (៣១មករា ១-២កុម្ភៈ ឆ្នាំ២០២២)ខេត្តរតនគិរីទទួលភ្ញៀវទេសចរចំនួន១២,៤៥១នាក់។ ក្នុងនោះភ្ញៀវអន្តរជាតិ មានចំនួន៥១នាក់ ភ្ញៀវជាតិ១២,៤០១នាក់។ លោកថាចំនួននេះគឺមានការកើនឡើង១៧.១៦% ភ្ញៀវជាតិកើនឡើង១៦.៩៩% និងភ្ញៀវអន្តរជាតិកើនឡើង៨២.១៤% បើប្រៀបធៀបនឹងបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២១កន្លងមក មានចំនួន ១០,៦២៨នាក់។

លោក ង៉ែត ពិទូ បានសម្តែងនូវសុទិដ្ឋិនិយមចំពោះកំណើនភ្ញៀវទេសចរដែលមានការហក់ឡើងគួរអោយកត់សម្គាល់បើទោះបីចំនួនហក់ឡើងមិនច្រើនតាមការរំពឹងទុក តែនេះគឺជាសញ្ញាល្អបង្ហាញថាខេត្តរតនគិរី ចាប់ផ្តើមមានភ្ញៀវទេសចរមកលេងកំសាន្តវិញហើយ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញក្រោយវិបត្តិកូវីដ-១៩ រយៈពេលជិត២ឆ្នាំ។លោកបន្តថា ចំនួនភ្ញៀវដែលមានការកើនឡើងនេះក៏បានបង្ហាញអោយឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខដែលបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព, ហេដ្ឋារចនាសម្ព័ន្ធមានការតភ្ជាប់បានល្អ គួបផ្សំនឹងសេដ្ឋកិច្ចប្រជាពលរដ្ឋផងដែរ។ ជាពិសេសនោះគឺវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានស្រោចលើប្រជាពលរដ្ឋស្ទើរ១០០% ដូច្នេះ

ពួកគាត់មានទំនុកចិត្តមិនសូវព្រួយបារម្មណ៍ ក្នុងការដើរលេងកំសាន្តប៉ុន្មាននោះទេ។

ប្រធានមន្ទីរទេសចរណ៍រូបនេះក៏បានលើកឡើងផងដែរពីសក្តានុពល វិស័យទេសចរណ៍ដែលបច្ចុប្បន្ននេះមន្ទីរបានធ្វើបច្ចប្បន្នភាពរមណីយដ្ឋានទេសចរណ៍រហូតដល់៣០កន្លែង សុទ្ធសឹងជារមណីយដ្ឋាន ធម្មជាតិ។ ហើយនៅថ្ងៃខាងមុខជាពិសេសបុណ្យចូលឆ្នាំខ្មែរ យើងនឹងបង្វែទិសដៅភ្ញៀវទេសចរអោយទៅលេងតំបន់វាលខ្សាច់ និងទឹកជួរនៅស្រុកតាវែង និងស្រុកវើនសៃ៕


Telegram