ភ្នំពេញ៖ ពិតជារន្ធត់ណាស់ ដោយសារតែការធ្វេសប្រហែសរបស់បុគ្គលដែលជាមន្ត្រីយោធាមួយរូប បានជិះរថយន្តស្លាកលេខ ខ.មជាមួយគ្នីគ្នាម្នាក់ទៀត យកកាំភ្លើងខ្យល់មកបាញ់សត្វ តែបែរជាផ្លាត់ស្នៀត បាញ់ត្រូវចំសៀតផ្កាក្មេងប្រុសម្នាក់ដែលជាកូនកំព្រា កំពុងអង្គុយលេង ប្រកាច់ស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកខ្មាន់កាំភ្លើង ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបានភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុចខាងត្បូង ជាប់ផ្លូវល្បឿនលឿន ក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភំ្នពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងប្រុសរងគ្រោះមានឈ្មោះ រឿន ប៊ុនថា ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅ មណ្ឌលជនអស់សង្ឃឹម ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភំ្នពេញ ។
ចំណែកជនបង្កមានចំនួន២នាក់រួមមាន ៖ ១.ឈ្មោះ ទុត សុគន្ធារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២.ឈ្មោះ ទុត សុគន្ធរ៉ាវ័ន្ត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅ ភូមិ៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងរួមមាន៖ កាំភ្លើងខ្យល់ ទំនើប ០១ដើម និងរថយន្ត០១គ្រឿងម៉ាក REXTON ពណ៌ស ស្លាកលេខ ខេមរភូមិន្ទ០២ ២-០២៨២។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង៤និង៤៥នាទីល្ងាច ជនរងគ្រោះបាននាំគ្នាទៅអង្គុយលេងក្រៅរបងមណ្ឌល នៅជិតផ្លូវល្បឿនលឿនជាមួយមិត្ដភក្ដិ ពេលអង្គុយលេងមួយសន្ទុះ ជនរងគ្រោះក៏ក្រោកឈរឡើង ពេលនោះស្រាប់តែឮស្នូរកាំភ្លើងផ្ទុះ ពេលគេនាំគ្នាងាកមកមើលជនរងគ្រោះ ក៏ឃើញជនរងគ្រោះដួលប្រកាច់ហូរឈាម និងឮសម្លេងគ្រាប់កាំភ្លើងផ្ទុះចំនួន០៤គ្រាប់ថែមទៀត ។ ភ្លាមៗមិត្តភក្តិជនរងគ្រោះក៏នាំគ្នាលើកជនរងគ្រោះចូលទៅក្នុងមណ្ឌល ដើម្បីជួយសង្គ្រោះនិងបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសពជនរងគ្រោះ កំពុងតម្កល់ទុកនៅមណ្ឌលជនអស់សង្ឃឹម ។ចំណែកជនបង្កទាំង០២នាក់ខាងលើត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល កំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់៕


.jpg?1615089521)
.jpg?1615089522)
.jpg?1615089522)
.jpg?1615089521)
.jpg?1615089522)

