ក្រសួងព័ត៌មាន បើកទូលាយឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ យកព័ត៌មាន ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន សម្រាប់ផ្សព្វផ្សាយជូនសាធារណជន
ព័ត៌មានជាតិ
73

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន បានធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ទី១៧ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ត្រូវបានក្រសួងព័ត៌មានអនុញ្ញាតឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចុះឈ្មោះចូលយកព័ត៌មានយ៉ាងទូលំទូលាយសម្រាប់ផ្សព្វផ្សាយជូនសាធារណជន ចាប់តាំងពីថ្ងៃទី០៧ដល់ថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២២។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន និងជាសមាជិកអនុគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២២នេះថា ថ្វីត្បិតតែហួសថ្ងៃកំណត់ទទួលពាក្យចុះឈ្មោះអ្នកសារព័ត៌មានហើយក៏ដោយ តែកាលពីយប់មិញនេះក៏នៅមានអ្នកសារព័ត៌មានមកពីស្ថាប័ននានាសុំចុះឈ្មោះបន្តទៀត ហើយក្រសួងព័ត៌មានកំពុងជ្រើសរើសអ្នកសារព័ត៌មានអាទិភាពដូចជា អ្នកសារព័ត៌មានអមគណៈប្រតិភូជាដើម ដើម្បីអនុញ្ញាតឱ្យចូលយកព័ត៌មានក្នុងកិច្ចប្រជុំនេះ។ ប៉ុន្តែសម្រាប់អ្នកព័ត៌មានក្នុងស្រុកគឺមានចំនួនគ្រប់គ្រាន់ហើយ។

បើតាម ឯកឧត្តម ផុស សុវណ្ណ បានគូសបញ្ជាក់ថា “យើងមិនកំហិតអ្នកព័ត៌មានទេ យើងចង់បានអ្នកសារព័ត៌មានច្រើនដើម្បីផ្សព្វផ្សាយអំពីព្រះរាជាណាចក្រកម្ពុជាយើងក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន។ អីចឹង យើងត្រូវតែបំពេញកាតព្វកិច្ចនេះឱ្យបានជោគជ័យ”។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ចំនួនអ្នកសារព័ត៌មានជាតិ មន្ត្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានអន្តរជាតិ ដែលអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានអនុញ្ញាតឱ្យចូលបំពេញការងារក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានមានចំនួន២១៥នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា ខណៈពេលថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន ព្រមទាំងពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្ត្រ ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយដែលកាន់តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នឹងជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗដែលនឹងត្រូវសម្រេចបានក្នុងអំឡុងពេលភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្ត្រដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមាន ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពនិងដំណើរការស្តារឡើងវិញប្រកបដោយបរិយាប័ន្ន ការប្រកួតប្រជែងភូមិសាស្ត្រ-នយោបាយ បញ្ហាជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹងភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំរបស់អាស៊ាន៕ ប្រភព ៖ ក្រសួងព័ត៌មាន


Telegram