សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ លើកទឹកចិត្តឱ្យសិង្ហបុរីជំរុញ ការវិនិយោគមកកម្ពុជាកាន់តែច្រើន និងជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែធំ ព្រមទាំងពិនិត្យមើលលើកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ លើវិស័យសុខាភិបាល និងវិស័យដទៃទៀតដែលអាចធ្វើទៅបានរវាងប្រទេសទាំងពីរនោះ ។
នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ ឯកឧត្ដម Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសិង្ហបុរី ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដម ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្ដមរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានថ្លែងនូវអំណរសាទរជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលមេដាយសន្តិភាព ស៊ុនហាក់ ហើយបានមានប្រសាសន៍ថា នេះជាការទទួលស្គាល់ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ឬនៅក្នុងតំបន់ទេ គឺទូទាំងពិភពលោក។ ឯកឧត្តម Vivian ក៏បានសម្ដែងនូវអំណរសាទរជូនសម្ដេចតេជោផងដែរ ដែលបានទទួលនូវ ជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដោយកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេនៅក្នុងតំបន់ ច្រើនជាងប្រទេសអភិវឌ្ឍន៍មួយចំនួន ហើយអត្រាស្លាប់ក៏មានទាបជាងគេដែរ។ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកថា នេះគឺជាកត្តាដែលអនុញ្ញាតឱ្យកម្ពុជា អាចបើកប្រទេសឡើងវិញបានយ៉ាងឆាប់រហ័ស ហើយអ្នកវិនិយោគសិង្ហបុរីក៏មានចំណាប់អារម្មណ៍មកវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ ជាពិសេសនៅលើវិស័យពាណិជ្ជកម្ម លើវិស័យឃ្លាំងស្តុកទំនិញត្រជាក់ ក៏ដូចជាវិស័យដឹកជញ្ជូនផងដែរ។ ក្នុងន័យនេះឯកឧត្តមរដ្ឋមន្ត្រីការបរទេស បានគោរពជម្រាបជូនសម្ដេចតេជោថា សិង្ហបុរី បន្ត គាំទ្រនិង ជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសទ្វេភាគីរវាងប្រទេសទាំងពីរ និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែនបានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម Vivian Balakrishnan ដែលបានសម្ដែងនូវការអបអរជូនចំពោះសម្ដេច និងការពាំនាំការផ្តាំផ្ញើសួរសុខទុក្ខអំពីឯកឧត្តម នាយករដ្ឋមន្ត្រី ហើយក៏បានថ្លែងអំណរគុណជូនសិង្ហបុរី ដែលបានគាំទ្រកម្ពុជា ជាប្រធានអាស៊ាន និងចាត់ទុកកម្ពុជាជាតំបន់សុវត្ថិភាព ក្នុងការបើកការហោះហើរឡើងវិញ ។ សម្ដេចតេជោ បានលើកទឹកចិត្តឱ្យមានការជំរុញ ការវិនិយោគមកកម្ពុជាកាន់តែច្រើន ជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែធំ និងពិនិត្យមើលលើកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ លើវិស័យសុខាភិបាល និងវិស័យដទៃទៀតដែលអាចធ្វើទៅបាន។ ក្នុងជំនួបនេះ សម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីការបរទេសសិង្ហបុរី អំពីគោលបំណងរបស់សម្ដេច ក្នុងការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដែលរួមមាន ទី១. គឺធ្វើយ៉ាងណាកាត់បន្ថយ ឬលុបបំបាត់អំពើហិង្សា តាមរយៈការឈប់បាញ់គ្នា ទី ២. រកវិធី ផ្ដល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ា ដោយគ្មានការរើសអើង និងទី៣. គឺបង្កើតនូវការសន្ទនា៕ ប្រភព៖ ក្រសួងព័ត៌មាន