សម្ដេចក្រឡាហោម ស ខេង ដឹកនាំគណៈប្រតិភូអន្តរជាតិ ចុះបំពេញទស្សនកិច្ច លើការអនុវត្តការងារគណនេយ្យភាពសង្គម នៅខេត្តបាត់ដំបង
ព័ត៌មានជាតិ
124

នាថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប. ) បានអញ្ជើញចុះបំពេញទស្សនកិច្ច លើការអនុវត្តការងារគណនេយ្យភាពសង្គម នៅខេត្តបាត់ដំបង និង ដឹកនាំគណៈប្រតិភូ ឯកអគ្គរដ្ឋ ទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកអគ្គរដ្ឋទូតអូស្ត្រាលី និង នាយកការិយាល័យសហប្រតិបត្តិការអភិវឌ្ឍន៍ស៊្វីស ដោយមានការចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា អាជ្ញាធរឃុំ ឬក្រុមប្រឹក្សាឃុំ មានតួនាទីជួយដោះស្រាយទុក្ខកង្វល់ ឬបញ្ហាប្រឈម និងការលំបាកផ្សេងៗ ព្រមទាំងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ រួមទាំងកិច្ចការផ្សេងៗទៀត។ ការសាងសង់ផ្លូវ គឺឃុំនីមួយៗសុទ្ធតែទទួលបានថវិកាដើម្បីអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ។ អាជ្ញាធរឃុំក៏មានតួនាទីផ្ដល់ការងារសេវាអត្តសញ្ញាណកម្មផ្សេងៗ ជូនប្រជាពលរដ្ឋផងដែរ។

ក្នុងដំណើរទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាពការងារនេះ សម្ដេចក្រឡាហោម និងគណៈប្រតិភូ បានអញ្ជើញទៅពិនិត្យដំណើរការគ្រប់គ្រង បង្រៀន និងរៀននៅសាលាបឋមសិក្សាបត់សាលា រួចបន្តជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងបរិវេណវត្តបត់សាលា។ សម្ដេច និងប្រតិភូបានមានប្រសាសន៍ លើកទឹកចិត្តប្រជាពលរដ្ឋមានយោបល់ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន។

តាមយៈការឡើងថ្លែងបញ្ចេញមតិយោបល់ នាឱកាសនោះ សម្ដេចក្រឡាហោម បានទទួលនូវសំណើរ និងសំណូមពរមួយចំនួនពីតំណាងប្រជាពលរដ្ឋ ក្នុងនោះរួមមានពាក់ព័ន្ធនឹងបញ្ហាផ្លូវថ្នល់ ការដឹកជញ្ជូនដី ការថែទាំបរិស្ថាន និងការលើកម្ពស់តំបន់ទេសចរណ៍ក្នុងស្រុកបាណន់។ សម្ដេចបានសម្ដែងការគាំទ្រចំពោះមតិយោបល់ទាំងនោះ និងបានណែនាំភ្លាមៗឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរស្រុក សិក្សាដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ។

បញ្ចប់ពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅបរិវេណវត្តបត់សាលារួចមក សម្ដេចក្រឡាហោម រួមទាំងគណៈប្រតិភូ បានបន្តអញ្ជើញទស្សនកិច្ចមណ្ឌលសុខភាពឈើទាល និងសាលាឃុំឈើទាល ស្ថិតក្នុងស្រុកបាណន់។ នាឱកាសនោះ សម្ដេច និងគណៈប្រតិភូ ក៏បានបន្តកិច្ចសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល និងក្រុមប្រឹក្សាឃុំឈើទាល ដើម្បីឈ្វេងយល់បន្ថែមអំពីដំណើរការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋផងដែរ។

បន្ទាប់មក សម្ដេចក្រឡាហោម រួមទាំងគណៈប្រតិភូជាន់ខ្ពស់ស្ថានទូតអាល្លឺម៉ង់ និងស្ថានទូតអូស្ត្រាលី និងតំណាងទីស្នាក់ការអភិវឌ្ឍន៍ស៊្វីសប្រចាំកម្ពុជា ក៏បានបន្តដំណើរទៅកាន់សាលាលខេត្តបាត់ដំបង ដើម្បីពិនិត្យដំណើរការផ្ដល់សេវា ជូនប្រជាពលរដ្ឋនៅអង្គភាពច្រកចេញ-ចូលតែមួយ សាលាខេត្តបាត់ដំបង។ សម្ដេច និងគណៈប្រតិភូបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់វិស័យចំណុះអង្គភាពច្រកចេញ-ចូលតែមួយ សម្រាប់ការខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ៕ ប្រភព៖ ក្រសួងព័ត៌មាន


Telegram