សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក
ព័ត៌មានជាតិ
75

នៅព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នេះ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានតម្លៃប្រមាណ ២,៣៤០លានយេន ស្មើនឹងជាង ២០លានដុល្លារអាមេរិក។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture)។

សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនផ្ដល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីពិតជាមានមោទនភាពភាពចំពោះសមិទ្ធផលដែលចេញជាផ្លែផ្កាជាបន្តបន្ទាប់ រវាងមិត្តជប៉ុនមកដល់កម្ពុជា។ សម្តេចតេជោបានថ្លែងថា រយៈពេលប្រមាណតែមួយខែប៉ុណ្ណោះ គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកការដ្ឋានសាងសង់ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងនោះមានកំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបងទៅខេត្តបន្ទាយមានជ័យ, ការសម្ភោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន៧ នៅខេត្តក្រចេះ និងខេត្តព្រៃវែង និងការបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនាថ្ងៃនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការជាមួយអង្គការចៃការបស់ជប៉ុន ក្នុងការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនេះ។ វត្តមានស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនាពេលនេះ គឺកើតចេញពីទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុន ដែលឆ្នាំ២០២៣ខាងមុខនេះ គឺជាខួប ៧០ឆ្នាំនៃទំនាក់ទំនងនេះផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ភាពរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់ប្រទេសជាមិត្តនោះទេ រួមទាំងប្រទេសជប៉ុនផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតជប៉ុន, នាយករដ្ឋមន្ត្រី , រដ្ឋមន្ត្រីការបរទេស , រដ្ឋមន្ត្រីការពារជាតិ, អគ្គមេបញ្ជាកងទ័ពរបស់ជប៉ុន ដែលបានស្វាគមន៍ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសជប៉ុន។

សម្តេចតេជោបានថ្លែងថា នាយករដ្ឋមន្ត្រីជប៉ុន គឺពិតជារវល់ណាស់ មិនងាយនឹងទទួលប្រតិភូណាមួយនោះទេ ដូច្នេះការទទួលស្វាគមន៍ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាការបង្ហាញឱ្យឃើញទំនាក់ទំនងពិសេសរវាងកម្ពុជា-ជប៉ុន។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថា បច្ចុប្បន្ននេះ សំរាមក្នុងរាជធានីភ្នំពេញមួយថ្ងៃមានប្រមាណ ៣ពាន់តោន។ សម្តេចតេជោបាន អំពាវនាវដល់ប្រជាពលរដ្ឋនៅភ្នំពេញ និងអ្នកមកលេងភ្នំពេញ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ត្រូវចេះទុកដាក់សំរាមដោយខ្លួនឯងជាពិសេសត្រូវញែកសំរាមរឹង និងសំរាមរាវឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការទុកដាក់សំរាមឱ្យមានអនាម័យ និងមានសណ្ដាប់ធ្នាប់ ជាពិសេសត្រូវខិតខំទាំងអស់គ្នា ដើម្បីកាត់បន្ថយសំរាមហូរចូលលូ ប្រឡាយ និងទន្លេ។

ទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវពលរដ្ឋក្នុងរាជធានីភ្នំពេញ ខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេចតេជោ បានថ្លែងថា នៅថ្ងៃម្សិលមិញរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន៥៩៨នាក់ទៀត និងមានអ្នកស្លាប់២នាក់។ សម្តេចតេជោបានអំពាវនាវឱ្យឪពុកម្ដាយអាណាព្យាបាល នាំកុមារអាយុចាប់ពី៣ឆ្នាំ ទៅ៥ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចាប់ផ្តើមនៅថ្ងៃទី២៣ ខែកុម្ភៈ ស្អែកនេះហើយ។ សម្តេចតេជោបានមានប្រសាសន៍ថា ការយកឈ្នះជំងឺកូវីដ-១៩ មិនចំណុះតែលើរាជរដ្ឋាភិបាល ឬក្រសួងសុខាភិបាលនោះទេ គឺទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ឱសថស្ថានទាំងអស់ កុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ-១៩ នៅពេលដែលប្រជាពលរដ្ឋកំពុងមានតម្រូវការនោះ ហើយក៏បានអំពាវនាវឱ្យក្រសួងសុខាភិបាល ពិនិត្យកុំឱ្យមានការចរាចរណ៍ថ្នាំព្យាបាលជំងឺកូវីដ-១៩ ក្លែងក្លាយឲ្យសោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់អោយជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងបានប្រកាសបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកចាប់ពីពេលនេះតទៅ៕ 


Telegram