លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ដងទង់ ដែលមានកម្ពស់២១ម៉ែត្រ ស្ថិតក្នុងវត្តរតនៈសោភណ្ឌ (វត្តកោងកាង) ស្ថិតនៅភូមិវត្ត សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។
កម្មវិធីនេះ ក៏មានវត្តមាន ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋាន ខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្តីរាជការ និងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។
ក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍ថា ពិធីថ្ងៃនេះអាចដំណើរទៅបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវការបង្រួបបង្រួមជាតិទាំងស្រុង ការនាំមកវិញ នូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ មានស្ថិរភាពនយោបាយ តាមរយៈការអនុវត្ត នយោបាយ ឈ្នះ-ឈ្នះ និងនាំមកនូវការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមលើគ្រប់វិស័យ រហូត ដល់ បច្ចុប្បន្ននេះ ដោយបានប្រែក្លាយតំបន់នេះទៅជាតំបន់ព្រំដែនសន្តិភាព និងជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ប្រកបដោយទាក់ទាញ។
លោកជំទាវឧបនាយករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរដល់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំ និងកសាងនូវរាល់សមិទ្ធផលក្នុង ខេត្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ដោយ ឡែកសមិទ្ធផល ដងទង់ថ្មី ១គូ ថ្ងៃនែះ បានបង្ហាញអំពីការរីកចម្រើនផ្នែកពុទ្ធចក្រ ដែលបាន កើតចេញពីសទ្ធាជ្រះថ្លារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក សៀន សេង និងលោកជំទាវ សៀង ស៊ីពោធិ៍ ព្រមទាំងក្រុមក្រួសារ បានរួមគ្នាកសាងនូវដងទង់១គូ កម្ពស់ ២១ម៉ែត្រ ចំណាយថវិកាអស់២.៤០០០ ដុល្លារ សម្រាប់តម្កល់ទុក្ខក្នុងវិស័យព្រះពុទ្ធសាសនា។
លោកជំទាវបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃត្រូវ៖ ១. បន្តការខិតខំតទៅ ទៀត ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេស ត្រូវអនុវត្តន៍វិធានការ «៣-ការពារ និង ៣-កុំ» ជាចាំបាច់។ ២. ត្រូវចូលរួមអនុវត្តន៍តាមសារាចរ ស្តីពីការពង្រឹងការ អនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ មេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទ អូមីក្រុង។ ៣. ថែរក្សា ការពារ នូវសមិទ្ធផលនេះ ឱ្យបាន ស្ថិតស្ថេរគង់វង្ស ទុក្ខជាសម្បតិក្នុងព្រះពុទ្ធសាសនា។ ៤. មន្រ្តីរាជការ និងព្រះសង្ឃ ត្រូវតែដើរ តួក្នុងការផ្សព្វផ្សាយ និងការជំរុញក្នុងការចាក់វ៉ាក់សាំង និងបំផុសដល់កុមារនៅតាមមូលដ្ឋាន ទៅចាក់វ៉ាក់សាំងនៅតាមទីតាំងដែលបានកំណត់សម្រាប់ដូសទី១ កុមារដែលមានអាយុពី៣-៥ឆ្នាំ និងការបន្តចាក់ដូសទី៣សម្រាប់កុមារដែលមានអាយុចាប់ពី៦-១២ឆ្នាំ ស្របតាមការ អំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងចូល ក្នុងសហគមន៍របស់ យើងបន្ដទៀត ៕ ប្រភព ៖ ក្រសួងព័ត៌មាន