ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរម្លឹកពីការជួបជុំជាមួយសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឡើងវិញកាលពី៤៣ឆ្នាំមុន បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបានដួលរលំ នៅថ្ងៃទី ០៧ ខែមករាឆ្នាំ១៩៧៩នោះ។
នៅលើផេកផ្លូវការ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា ថ្ងៃនេះជាខួបលើកទី៤៣ឆ្នាំ នៃការជួបជុំគ្នាឡើងវិញរវាងខ្ញុំនិងភរិយា (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២២)។ជារៀងរាល់ឆ្នាំ ខ្ញុំតែងបង្ហោះនូវដំណើររឿងនេះដើម្បីរម្លឹកខ្លួនឯងនូវរឿងឈឺចាប់ផងនិងចែករំលែកពីប្រវត្តិដ៏លំបាករបស់ខ្ញុំនិងភរិយាជូនបងប្អូនដែលចង់ដឹងផង។ សម្ដេចតេជោបានបន្តឱ្យដឹងថា ខ្ញុំបានក្លាយជាបុរសពោះម៉ាយមួយរយៈឬនិយាយមួយបែបគឺ (ទុក្ខប្តី ស្រីព្រាត់)។ រីឯភរិយាខ្ញុំបានក្លាយជាស្ត្រីមេម៉ាយកូន១មួយរយៈ ឬនិយាយមួយបែបគឺ (ទុក្ខស្រី ប្តីព្រាត់)។ ថ្ងៃនេះ ខ្ញុំគួរនិយាយរឿងដែលខ្ញុំពុំទាន់បាននិយាយក្រោយការជួបគ្នា។ ល្ងាចថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំបានជួបជាមួយភរិយានិងកូនខ្ញុំវិញ ក្រោយបែកគ្នាកាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ដែលពេលនោះកូនរបស់ខ្ញុំនៅក្នុងផ្ទៃ៥ខែប៉ុណ្ណោះ។ ការជួបគ្នាគឺជារឿងសប្បាយណាស់ ព្រោះយើងនៅរស់ទាំងអស់គ្នានិងបានជួបគ្នាឡើងវិញ។ សម្រាប់រូបខ្ញុំកាន់តែសប្បាយដោយបានដឹងនិងឃើញថាមានកូនប្រុស ហើយខ្ញុំបានក្លាយជាឪពុករបស់កូន។ អកុសលសម្រាប់រូបខ្ញុំ គឺកូនមិនព្រមហៅយើងថាជាឪពុកនិងកាន់តែលំបាកគឺកូនមិនព្រមឱ្យយើងទៅជិតម្តាយគេទៀតផង។ ម៉ាណែត ទើបបានផ្តាច់ដោះប៉ុន្មានសប្តាហ៍មុនពេលមកជួបខ្ញុំ។ រ៉ានី បានប្រាប់ខ្ញុំថា ពេលរសៀលក្នុងថ្ងៃឆ្លងសាឡាងអ្នកលឿងក្នុងដំណើរមកភ្នំពេញ ម៉ាណែត បានក្រឡេកឃើញគេលក់នំបុ័ង ម៉ាណែត ឃ្លានណាស់ចង់បាននំបុ័ងញាំ តែទាំងភរិយាខ្ញុំ ស៊ីណាត ប្អូនស្រីខ្ញុំ និងអតីតយុទ្ធមិត្ត២នាក់ដែលជិះម៉ូតូដឹកភរិយានិងកូនខ្ញុំមកកាន់ទីក្រុងភ្នំពេញគ្មានប្រាក់ ឬរបស់អ្វីដើម្បីដោះដូរជាមួយនំបុ័ងនេះឡើយ។ ម៉ាណែត កូនកំសត់មួយនេះបានត្រឹមលេបទឹកមាត់មើលមុខម្តាយដែលកំពុងហូរទឹកភ្នែកអាណិតកូន។ បន្ទាប់ពីបាយល្ងាច និងក្រោយដឹងរឿងនំបុ័ងនៅលើសាឡាងអ្នកលឿង ខ្ញុំរកបានស្ករគ្រាប់ប្រហែលជាង១០គ្រាប់ប្រគល់ឱ្យកូន។ ម៉ាណែត ទទួលយក តែគេយកទៅគប់លេង ព្រោះគេមិនស្គាល់ស្ករគ្រាប់ទេ។ ខ្ញំបកស្ករគ្រាប់ប្រគល់ឱ្យ ម៉ាណែត តែកូនរុញដៃខ្ញុំចេញ ដល់ពេលខ្ញុំហូបស្ករគ្រាប់ទើប ម៉ាណែត ដឹងថាជារបស់សម្រាប់ញាំ ម្តងនេះ ម៉ាណែត ញាំស្ករគ្រាប់ទាំងសំបករហូតភរិយាខ្ញុំឃើញក៏បកសំបកស្ករគ្រាប់ឱ្យ តែគាត់ឱ្យញាំតែ២គ្រាប់ប៉ុណ្ណោះ ព្រោះខ្លាចកូនក្តៅខ្លួន។ នេះហើយជារសជាតិនៃកុមារជំនាន់ ប៉ុលពត ដែលមិនដែលបានរបស់ហូបឬសម្ភារនៃល្បែងលេងសម្រាប់កុមារ។ ប្រហែលម៉ោង៩យប់ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ភរិយាខ្ញុំបានឱ្យ ម៉ាណែត គេងកើយដៃនៅលើគ្រែដែលអាចជាទម្លាប់បែបនេះពីមុនមក។ មួយសន្ទុះក្រោយមកខ្ញំឡើងទៅដេកលើគ្រែជាមួយប្រពន្ធខ្ញុំ ស្រាប់តែ ម៉ាណែត ស្រែកយំហើយដេញខ្ញុំចុះពីគ្រែ។ ពេលខ្ញុំចុះពីលើគ្រែទើប ម៉ាណែត ឈប់យំ។ ខ្ញុំត្រូវអង្គុយរងចាំ ម៉ាណែត ដេកលក់ទើបហ៊ានឡើងលើគ្រែ។ ខ្ញុំបន្តធ្វើបែបនេះប្រហែល៣សប្តាហ៍។ ថ្ងៃមួយ ខ្ញុំសាកល្បងលេងសើចជាមួយប្រពន្ធខ្ញុំដោយធ្វើមិនដឹងមិនឮជាមួយ ម៉ាណែត ដោយឡើងដេកទទូរភួយជិតទាំងពីរនាក់ ស្រាប់តែមិនឮ ម៉ាណែត យំទៀតទេថែមទាំងមិនឮសំឡេងកូនទៀតផង។ ដោយមិនឮសំឡេងកូនខំបើកភួយឡើងវិញស្រាប់តែបាត់កូនខំបើកទ្វារមករកកូនខាងក្រៅបន្ទប់រកមិនឃើញ តែបែរជាមករកឃើញកូនសម្ងំគេងក្រោមគ្រែទាំងទឹកមុខមិនសប្បាយចិត្ត។ ថ្ងៃក្រោយមកយើងសាកល្បងលេងជាមួយកូនម្តងទៀត តែម្តងនេះ ម៉ាណែត មិនយំ មិនរត់ពួនទៀតទេ គឺឡើងជិះឪពុកម្តាយពីលើភួយតែម្តង។ ចាប់ពីពេលនោះហើយដែល ម៉ាណែត បានហៅខ្ញុំថាពុក។ សូមបញ្ជាក់ជូនថា ខ្ញុំនិងភរិយាចិញ្ចឹមកូនចំនួន៥នាក់ មិនដែលមានមេដោះទេ គ្រប់យ៉ាងយើងត្រូវធ្វើខ្លួនឯងដើម្បីកូន។ ដោយសាររឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណមីកំពុងត្រូវបានថត ខ្ញុំសង្ឃឹមថាវគ្គនេះអាចបង្កើតបានជាឈុតឆាកមួយចំនួនផងដែរ៕