បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដល់អាណាព្យាបាលកុមារ ត្រូវនាំកូន ចៅ មកទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី១ ជូនកុមារអាយុ៣ឆ្នាំ ដល់៥ឆ្នាំ និង១២ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានដំណើរការហើយ នាព្រឹកថ្ងៃ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយមានអាណាព្យាបាល នាំកូន ចៅរបស់ពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាននេះយ៉ាងច្រើន នៅតាមទីតាំងដែលបានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ បានកំណត់រួច ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ ដែលជាថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ដូសមូលដ្ឋានជូនកុមារ ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ និងដល់១២ឆ្នាំ នៅមន្ទីរពេទ្យបង្អែកចតុមុខ នៅមន្ទីរពេទ្យបង្អែកដង្កោ នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងនៅតាមមន្ទីរពេទ្យបង្អែកមួយចំនួនទៀត ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានជូនកុមារ បានដំណើរការព្រមៗគ្នា ជាមួយនឹងកុមារជាច្រើននាក់ទៅទទួលការចាក់វ៉ាក់សាំងនេះដូចគ្នាផងដែរ។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានជូនកុមារ ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ គឺអនុវត្តន៍ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយក្នុងសេចក្តីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចឱ្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានជូនកុមារ ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ និងសម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ រៀងរាល់ម៉ោង០៨:០០នាទីព្រឹកដល់ម៉ោង១៧ៈ០០នាទីរសៀល ដែលគម្លាតរវាងដូសទី១ និងដូសទី២ មានរយៈពេល២៨ថ្ងៃ នៅតាមទីតាំងដែលបានកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញ ៕