កិច្ចចរចា រុស្ស៊ី-អ៊ុយក្រែន នឹងចាប់ផ្តើមនៅព្រឹកថ្ងៃច័ន្ទនេះ
មូស្គូ៖ សារព័ត៌មានរុស្ស៊ី TASS ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ប្រភពមួយបានប្រាប់ TASS កាលពីថ្ងៃអាទិត្យថា កិច្ចពិភាក្សារវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទ។
ប្រភពបាននិយាយថា «វាមិនមែនជាការពន្យារពេលទេ។ កិច្ចប្រជុំនឹងចាប់ផ្តើមនៅពេលព្រឹក។ ហេតុផលគឺការដឹកជញ្ជូនរបស់គណៈប្រតិភូអ៊ុយក្រែន»។
ជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី (Vladimir Medinsky) ដែលដឹកនាំគណៈប្រតិភូរុស្ស៊ីចូលរួមកិច្ចចរចា បាននិយាយមុននេះថា កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ជាមួយភាគីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ដើម្បីរៀបចំកិច្ចចរចានៅក្នុងតំបន់ Gomel របស់ប្រទេសបេឡារុស្ស។
គណៈប្រតិភូរុស្ស៊ី បានចាកចេញពីទីក្រុង Minsk រួចហើយ ហើយកំពុងធ្វើដំណើរទៅកាន់ទីកន្លែងនៃកិច្ចចរចា ដែលនេះបើយោងតាមប្រភព TASS ៕
ប្រភព៖ TASS