ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន៖ ជនស៊ីវិល៣៥២នាក់​(កុមារ១៦នាក់)និងរបួសជាង១ពាន់នាក់​ត្រូវបានសម្លាប់​ក្នុងការឈ្លានពាន​របស់​រុស្ស៊ី
អន្តរជាតិ
210

ក្រុងកៀវ៖ សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន ​និយាយ​ថា ជន​ស៊ីវិល​៣៥២​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី និង ១.៦៨៤ នាក់​បាន​រង​របួស។ តួ​លេខ​នេះ​​​មិន​រាប់​បញ្ចូល​អ្នក​ស្លាប់​និង​របួស​ខាង​យោធានោះទេ។

សារព័ត៌មាន Kyiv Independent និយាយថា អ្នកស្លាប់ចំនួន ១៦ នាក់ គឺជាកុមារ ហើយយ៉ាងហោចណាស់ ១១៦ នាក់នៃអ្នករងរបួស ដោយដកស្រង់ពីស្ថិតិរបស់ក្រសួងសុខាភិបាលអ៊ុយក្រែន។

បន្ថែមពីខាងលើនេះ ចំនួនជនភៀសខ្លួនពីអ៊ុយក្រែន ដែលបានរត់គេចចេញពីសង្គ្រាមដើម្បីទៅជ្រកកោណ នៅតាមបណ្តាប្រទេសអឺរ៉ុបជិតខាងនោះ បានកើនឡើងដល់ជិត ៤០០,០០០សែននាក់។

ឈានចូលមកដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ គឺត្រូវជាថ្ងៃ ៥ ហើយ នៃការបញ្ជាកងទ័ពរបស់រុស្ស៊ី ឲ្យចូលទៅវាយប្រហារប្រទេសអ៊ុយក្រែន។ វាក៏បានក្លាយជាពេលវេលាដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលសហភាពអឺរ៉ុប (EU) ដែលមានសមាជិកសរុប ២៧ ប្រទេស បានសម្រេចចិត្តរួមគ្នាក្នុងការផ្គត់ផ្គង់សព្វាវុធ ទៅដល់ប្រទេសមួយ ដែលកំពុងជួបសង្គ្រាមផងដែរ។

គួរបញ្ជាក់ថា កិច្ចចរចារវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យនោះ អាចនឹងកើតឡើងនៅតំបន់ព្រំដែន ប្រទេសបេឡារុស និងអ៊ុយក្រែន, ប៉ុន្តែនៅមិនទាន់មានប្រភពណាអាចបញ្ជាក់ថា នឹងកើតឡើងនៅពេលណាឲ្យប្រាកដនៅឡើយទេ៕

ប្រភព៖​​​​ Reuters

Telegram