អន្តរជាតិ៖ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះបានឲ្យដឹងថា យន្តហោះដ៏ធំបំផុតរបស់ពិភពលោកគឺ Antonov AN-225 ត្រូវបានបំផ្លាញកំឡុងពេលការឈ្លានពានរបស់រុស្ស៊ីលើ អ៊ុយក្រែន នេះបើយោងទៅតាមមន្ត្រីអ៊ុយក្រែន ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងសោកសៅក្នុងចំណោមពិភពអាកាសចរណ៍។
យោងតាមគណនី Twitter ផ្លូវការរបស់រដ្ឋាភិបាលអ៊ុយក្រែន បានឲ្យដឹងនៅថ្ងៃចន្ទទី២៨ខែកុម្ភៈនេះថា យន្តហោះធំបំផុតរបស់ពិភពលោក Antonov AN-225 Mriya ត្រូវបានកម្ទេចដោយការវាយប្រហាររបស់រុស្ស៊ី លើអាកាសយានដ្ឋានក្បែរទីក្រុង គៀវ។
លោក Dmytro Kuleba រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា «រុស្ស៊ីអាចបំផ្លាញ Mriya របស់យើង។ ប៉ុន្តែពួកគេនឹងមិនអាចបំផ្លាញសុបិននៃរដ្ឋអឺរ៉ុបដ៏រឹងមាំ សេរី និងប្រជាធិបតេយ្យនេះបានឡើយ»។
Mriya ដែលបកប្រែថា “សុបិន” បានទុកនៅក្នុងឃ្លាំងរបស់ខ្លួន នៅឯមូលដ្ឋានទ័ពអាកាសអ៊ុយក្រែនក្នុងទីក្រុង Hostomel ដែលជាកន្លែងនៃការប៉ះទង្គិចគ្នាយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ពេលដែលយោធារុស្ស៊ី កាន់កាប់មូលដ្ឋានទ័ពអាកាស។
ប្រព័ន្ធគ្រប់គ្រងព័ត៌មានអំពីអគ្គិភ័យរបស់អង្គការ NASA បានរកឃើញភ្លើងឆាបឆេះជាច្រើនកន្លែងនៅអាកាសយានដ្ឋាន រួមទាំងនៅឃ្លាំងដែលផ្ទុកយន្តហោះផងដែរ។
យោងតាមទិន្នន័យរបស់អង្គការ NASA បានឲ្យដឹងថា អគ្គិភ័យមួយបានកើតឡើងនៅឃ្លាំងដែលផ្ទុកយន្តហោះ ហើយត្រូវបានគេឃើញនៅម៉ោង ១១:១៣ ព្រឹកថ្ងៃអាទិត្យ៕
ប្រភព៖ CNN