ជាលើកដំបូង! រុស្ស៊ី​សារភាព​ថា ​ទាហាន​របស់ខ្លួនស្លាប់បាត់បង់​ជីវិត​ក្នុង​សង្គ្រាម​ជាមួយអ៊ុយក្រែន(មានវីដេអូ)
អន្តរជាតិ
574

មូស្គូ៖ កងទ័ពរុស្ស៊ីបានទទួលស្គាល់កាលពីថ្ងៃអាទិត្យថា មានទាហាន«បានសម្លាប់ និងរងរបួស» ក្នុងចំណោមកងទ័ពរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី៤ នៃការលុកលុយរបស់ខ្លួន ដោយមិនបានប្រាប់ថាមានមនុស្សប៉ុន្មាននាក់បានស្លាប់នៅទីនោះ។ នេះបើយោងតាមការចេញផ្ដសយដោយសារព័ត៌មាន The Moscow Times នៅថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកនាំពាក្យកងទ័ពរបស់ទីក្រុងមូស្គូ លោក Igor Konashenkov បាននិយាយតាមទូរទស្សន៍រដ្ឋថា «ទាហានរុស្ស៊ីកំពុងបង្ហាញភាពក្លាហាន និងវីរភាព ខណៈពេលដែលបំពេញភារកិច្ចប្រយុទ្ធក្នុងប្រតិបត្តិការយោធាពិសេស» ។«ជាអកុសល មានអ្នកស្លាប់ និងរបួសក្នុងចំណោមសមមិត្តរបស់យើង»។

នេះជាលើកទីមួយហើយដែលទីក្រុងម៉ូស្គូបាននិយាយអំពីការបាត់បង់ជីវិតទាហាននៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមការឈ្លានពាននៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។

លោក Konashenkov បាននិយាយថា កងទ័ពរុស្ស៊ីនឹងប្រគល់អ្នកទោសសង្គ្រាមអ៊ុយក្រែន«ដែលបានចុះចាញ់» ដល់គ្រួសាររបស់ពួកគេ។ ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែនបានឆក់យកជីវិតជនស៊ីវិលរាប់សិបនាក់ បង្ខំមនុស្សរាប់សែននាក់ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង និងប្រែក្លាយរុស្ស៊ីឱ្យទៅជាប្រទេសប៉ារ៉ាហ៍ពិភពលោក។

គួរបញ្ជាក់ថា​ អ៊ុយក្រែ​ន បាននិយាយថា ខ្លួនបានយល់ព្រមបញ្ជូនគណៈប្រតិភូទៅជួបតំណាងរុស្ស៊ីនៅព្រំដែនជាមួយបេឡារុស្ស ដែលបានអនុញ្ញាតឱ្យទាហានរុស្ស៊ីឆ្លងកាត់ដើម្បីវាយប្រហារអ៊ុយក្រែន ដោយទទូចថាមិនមានលក្ខខណ្ឌជាមុនសម្រាប់កិច្ចពិភាក្សានោះទេ៕

ប្រភព៖ The Moscow Times

Telegram