រាជធានីភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងថា ស្ត្រីមានតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការអភិវឌ្ឍឲ្យវិស័យព័ត៌មាន ក្នុងប្រព័ន្ធផ្សព្វផ្សាយកាន់តែមានប្រសិទ្ធភាព។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍លើកឡើងបែបនេះ ខណៈដែលលោកជំទាវ បានអនុញ្ញាតិឲ្យលោកជំទាវ ខៀវទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសគណៈកម្មាធិការសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួង ព័ត៌មាន ដឹកនាំសមាជិការចូលជួបសំដែងការគួរសមនៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី ១១១ ឆ្នាំ២០២២ នារសៀល ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ប្រធានបទ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត បានឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន ក្នុងគោលបំណងរំលេចតម្លៃនៃស្រ្តីក្នុងកិច្ចអភិវឌ្ឍន៍គ្រប់កម្រិត គ្រប់វិស័យ និងគ្រប់កាលៈទេសៈដោយស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកថា ស្រ្តីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា ការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេស វប្បធម៌អហិង្សាដែល រាជរដ្ឋាភិបាល បាននឹងកំពុងគាំទ្រជម្រុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទំាងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហឹង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានណែនាំដល់ស្រ្តីដែលបម្រើការងារលើវិស័យព័ត៌មាន ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន បន្ថែមទៀត ក្នុងការចូលរួមកិច្ចការងារ សង្គមជាតិ និងធ្វើយ៉ាងណាឱ្យក្លាយខ្លួនជាអ្នកផ្តល់ព័ត៌មានពិតប្រាកដដល់ សាធារណជន ឲ្យបានយល់ដឹងកាន់តែច្បាស់ រាល់បញ្ហាវិជ្ជមាន និងអវិជ្ជមាន នៅក្នុងសង្គម ពិសេស គឺលុបបំបាត់ ទាំងស្រុងរាល់ព័ត៌មានក្លែងក្លាយ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរឲ្យ ថ្នាក់ដឹកនាំជានារីក្រសួងព័ត៌មានត្រូវបន្ត ៖
១. លើកកម្ពស់តួនាទីស្រ្តីក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ និងជម្ងឺឆ្លងផ្សេងទៀត ។
២. ជំរុញឲ្យស្ត្រីឈានមុខ លើការការពារខ្លួនពីជម្ងឺ និងការឆ្លងដល់កូនចៅ និងសមាជិកក្នុងគ្រួសារ ។
៣.ជំរុញឲ្យស្រ្តីនាំកូន ចៅ ទៅទទួលវ៉ាក់សាំង បង្ការជម្ងឺនានា និងវ៉ាក់សាំងប្រឆាំងកូវីដ១៩៕