មន្រ្តីការពារជាតិអ៊ុយក្រែន៖ កងទ័ពរុស្ស៊ីដែលបញ្ជូនឲ្យទៅធ្វើឃាត​ប្រធានាធិបតីអ៊ុយក្រែន Zelensky ត្រូវបានសម្លាប់ចោល
អន្តរជាតិ
864

ក្រុងកៀវ៖ ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមឃាតក Chechen មួយក្រុមដែលត្រូវបានបញ្ជូនទៅសម្លាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបាន«សម្លាប់» បន្ទាប់ពីផែនការរបស់ពួកគេត្រូវបានបរាជ័យ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Kyiv Independent នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។

លោក Oleksiy Danilov បាននិយាយតាមទូរទស្សន៍អ៊ុយក្រែន កាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកបានទទួលព័ត៌មានអំពីការប៉ុនប៉ងធ្វើឃាតដែលបានគ្រោងទុកលើប្រធានាធិបតី Volodymyr Zelensky ពីភ្នាក់ងារនៃសេវាសន្តិសុខសហព័ន្ធនៃសហព័ន្ធរុស្ស៊ី (FSB) ។ លោក Danilov បានអះអាងថា កងកម្លាំងពិសេស Chechen ដែលត្រូវបានបញ្ជូនទៅសម្លាប់ Zelensky ត្រូវបាន«សម្លាប់ចោល» បាននិយាយថា «ខ្ញុំអាចនិយាយបានថា យើងបានទទួលព័ត៌មានពីតំណាងនៃ FSB ដែលសព្វថ្ងៃនេះមិនមានបំណង ចង់ចូលរួមក្នុងសង្គ្រាមបង្ហូរឈាមនេះទេ»។

ការប្រកាសរបស់លោក Oleksiy Danilov បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីយោធាអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថា បានបំផ្លាញជួរឈរនៃរថក្រោះ Chechen ដែលគ្រប់គ្រងដោយមេទ័ព Chechen Ramzan Kadyrov នៅជិត Hostomel ដែលជាសមរភូមិដ៏សំខាន់មួយនៅខាងក្រៅទីក្រុងកៀវ ។

លោកDanilov បានប្រាប់ទូរទស្សន៍អ៊ុយក្រែន 24 TV ថា «អង្គភាពកងកម្លាំង Kadyrov ដែលបានមកសម្លាប់ប្រធានាធិបតីរបស់យើងត្រូវបានកម្ចាត់ ចោល»។ «យើងនឹងមិនប្រគល់ប្រធានាធិបតីរបស់យើង ឬប្រទេសរបស់យើងទៅឱ្យនរណាម្នាក់ឡើយ។ នេះ ជា ដី របស់ យើង ចេញ ពី ទី នេះ»។

គួរបញ្ជាក់ថា លោក Zelensky បាននិយាយថា លោក គឺជាគោលដៅទី១ របស់វិមានក្រឹមឡាំង ហើយគ្រួសាររបស់លោក គឺជាគោលដៅសំខាន់បំផុតទីពីរនៅក្នុងបញ្ជីសម្លាប់របស់រុស្ស៊ី។

មេដឹកនាំលោកខាងលិចបាន ជំរុញលោក Zelensky ឱ្យភៀសខ្លួនចេញពីប្រទេស ប៉ុន្តែលោកបានបន្តនៅក្នុងរដ្ឋធានីកៀវ របស់អ៊ុយក្រែន។ ឆ្លើយតបទៅនឹងការផ្តល់ជូននៃការជម្លៀសដោយសហរដ្ឋអាមេរិក លោកZelensky បានឆ្លើយតបថា«ការប្រយុទ្ធគឺនៅទីនេះ។ ខ្ញុំ ត្រូវ ការ គ្រាប់ មិន មែនអ្នកមកនាំភៀសខ្លួន ទេ»។

ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងនៅក្នុងសុន្ទរកថានៅចំពោះមុខសភាអឺរ៉ុបកាលពីថ្ងៃអង្គារ ថា«គ្មាននរណាម្នាក់នឹងបំបែកយើងទេ។ យើងខ្លាំង។ យើងជាជនជាតិអ៊ុយក្រែន។ យើងមានបំណងប្រាថ្នាចង់ឃើញកូន ៗ របស់យើងនៅរស់។

លើសពីនេះ របាយការណ៍មុននេះ បានបង្ហាញថា អង្គភាព Chechen ត្រូវបានដាក់ពង្រាយដើម្បី «ចាប់និងសម្លាប់» មេដឹកនាំអ៊ុយក្រែន៕

Telegram