ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមហាមមិនឱ្យមានការសាងសង់ ឬរុះរើសំណង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាត តទៅទៀតនោះឡើយ។
យោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា «ក្រសួងមិនអនុញ្ញាតឱ្យធ្វើការចុះកិច្ចសន្យាម៉ៅការសាងសង់ ឬរុះរើសំណង់ដែលមិនទាន់ ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ចឡើយ »។
ជាមួយគ្នានោះដែរក្រសួងរៀបចំដែនដី ក៏បានលើកឡើងថា រាល់ការសាងសង់ ឬរុះរើសំណង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាត ជាអំពើខុសច្បាប់ ព្រោះគម្រោងសាងសង់សំណង់នោះ មិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្ទុំសំណង់ ដែលទទួលបានការយល់ព្រមពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ច ដែលអាចបង្កឱ្យប៉ះពាល់ដល់បទប្បញ្ញត្តិស្តីពីធ្លាគម្លាត សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភណភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងអាចបង្កឱ្យមានវិវាទ។
ក្រសួងក៏បានលើកឡើងថា ក្រសួងនឹងចាត់មន្ត្រីអធិការកិច្ចសំណង់ចុះពិនិត្យបទល្មើសតាមការដ្ឋានសំណង់ ដើម្បីចាត់វិធានការដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម សាងសង់ និងដាក់ទណ្ឌកម្មផ្សេងៗទៀត ចំពោះក្រុមហ៊ុន ឬក្រុមជាង ដូចជាការ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីស្នើសុំការរឹបអូសសម្ភារ បរិក្ខារ និងឧបករណ៍ផ្សេងៗ ការផ្តន្ទាទោសពិន័យជាប្រាក់ ការផ្តន្ទាដាក់ពន្ធនាគារ ការរំលាយក្រុមហ៊ុ ឬក្រុមជាង ការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ ការហាមឃាត់ចំពោះការធ្វើសកម្មភាព ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ ការបិតផ្សាយសេចក្តីសម្រេចផ្តន្ទាទោស ជាសាធារណៈ។
សូមបញ្ជាក់ថា ការចេញលិខិតហាមឃាត់នេះ បានធ្វើឡើងដោយយោងទៅតាមច្បាប់ ស្ដីពីសំណង់របស់កម្ពុជា រួមទាំងអនុក្រឹត្យរាជរដ្ឋាភិបាល ស្ដីពីលិខិតអនុញ្ញាតសាងសង់ជាដើម ៕ AKP