រាជធានីភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត បានស្នើឲ្យប្រជាពលរដ្ឋគ្រប់រូប ពិសេស យុវជន ត្រូវមានមនសិការស្នេហាជាតិ និងស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិ ត្រូវរក្សាឲ្យជាប់ក្នុងស្មារតីនិងសកម្មភាពរបស់ខ្លួន ដែលជាទំពាំងស្នងឬស្សី និងជាអក្នបន្តវេនទទួលខុសត្រូវ ថែរក្សាការពារសម្បត្តិវប្បធម៌ជាតិទាំងនេះឱ្យបានគង់វង្សជានិច្ចនិរន្តរ៍ ។
លោកជំទាវថ្លែងបែបនេះ ក្នុងឱកាសដែល លោកជំទាវបានអញ្ជើញជាអធិបតី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នាព្រឹក ថ្ងៃព្រហស្បតិ៍ ១ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ សាលសន្និសីទចតុម្មុខ ។
ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះការងារវប្បធម៌ដែលជាដួងព្រលឹង ជាអត្តសញ្ញាណ ជាកិត្យានុភាព និងជាមោទនភាពរបស់ជាតិ។ ទោះបីរងការរំខានពីការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ យ៉ាងណាក្ដី រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យវប្បធម៌ ដោយក្នុងនោះទិវាវប្បធម៌ជាតិមិន ដែលត្រូវបានអាក់ខានក្នុងការរៀបចំម្ដងណាឡើយ ហើយរាជរដ្ឋាភិបលក៏បានសារាចរ ណែនាំ ស្តីពី ការរៀបចំ ទិវា វប្បធម៌ ជាតិ ចុះថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០២២ ផងដែរ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់អនុសាសន៍ ជូនដល់ពិធី មានដូចតទៅ៖
ទី១. ពាក់ព័ន្ធនឹងធនធានសម្រាប់បំពេញការងារ ពិសេសថវិការដ្ឋ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវប្រើប្រាស់ធនធានប្រកបដោយភាពសន្សំសំចៃខ្ពស់ ដោយក្នុងនោះត្រូវពង្រឹងការអនុវត្តចំណាយតែលើការងារណាដែលចាំបាច់។ ក្នុងស្មារតីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវប្រើប្រាស់ធនធានដែលមានស្រាប់ ពិសេសធនធានដែលអាចជួសជុល និងទាញយកមកប្រើឡើងវិញបាន ព្រមទាំង ការកៀរគរធនធានពីដៃគូនានា ដូចជា មន្ត្រីចូលនិវត្តន៍ អង្គការ សមាគម អាចារ្យ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ សិស្ស-និស្សិតស្ម័គ្រចិត្ត និងប្រជាជននៅមូលដ្ឋាន តាមរយៈការផ្តល់ការលើកទឹកចិត្តទៅតាមលទ្ធភាពជាក់ស្ដែង។ ទន្ទឹមគ្នានេះដែរ មន្ត្រីទាំងអស់ត្រូវខិតខំពង្រឹងសមត្ថភាពរបស់មន្ត្រីរបស់ខ្លួន និងត្រូវស្វែងយល់អំពីកម្មវិធីកំណែទម្រង់ទាំងអស់របស់រាជរដ្ឋាភិបាល ដើម្បីងាយស្រួល អនុវត្តការងារឱ្យទាន់សភាពការនិងមានប្រសិទ្ធភាព ព្រមទាំងត្រូវធ្វើអាទិភាពការងារណាដែលត្រូវបំពេញមុននិងអ្វីដែលត្រូវធ្វើជាបន្តបន្ទាប់ ដោយសារយើងមានធនធានតិច ប៉ុន្តែទំហំការងារមានច្រើន។
ទី២. ការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិ អាចប្រកបដោយចីរភាពទៅបានគឺអាស្រ័យដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប ពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលមានមរតកវប្បធម៌ស្ថិតនៅ។ ក្នុងន័យនេះ ខ្ញុំក៏ស្នើសុំអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋានទាំងអស់ ត្រូវចូលរួមទប់ស្កាត់ និងបង្ក្រាបឱ្យបានភ្លាមៗនូវរាល់បទល្មើសបំផ្លាញសំណង់បុរាណ និងបុរាណដ្ឋានដែលកំពុងកើតឡើងស្ទើររាល់ថ្ងៃនៅទូទាំងប្រទេស។ ការថែរក្សាការពារតឹកតាងប្រវត្តិសាស្ត្រ និងវប្បធម៌អាចទទួលបានជោគជ័យ និងមាននិរន្តរភាពទៅបាន គឺតម្រូវឱ្យមានការចូលរួមគាំទ្រ និងជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋានទាំងអស់ពិសេសអាជ្ញាធរ ដែនដីនិងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ។ ជាមួយគ្នានេះដែរ ទោះបីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការផ្សព្វផ្សាយច្រើនអំពីសារៈសំខាន់ នៃវប្បធម៌និងគោលការណ៍ច្បាប់ពាក់ព័ន្ធបទល្មើសបុរាណដ្ឋានយ៉ាងណាក្ដី ខ្ញុំក៏សូមស្នើក្រសួងធ្វើការងារនេះបន្តទៀតឱ្យបានជាប់លាប់ដូចភ្លៀងរលឹម ពិសេសក្នុងចំណោមព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ យុវជន និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងត្រូវរៀបចំឱ្យមានផែនទីហានិភ័យ នៃសំណង់បុរាណទាំងអស់ ដើម្បីងាយស្រួលគ្រប់គ្រង និងធ្វើអន្តរាគមន៍ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់លើសំណង់បុរាណដែលមានភាពទ្រុឌទ្រោមខ្លាំង ហើយក្រសួងត្រូវដោះស្រាយបញ្ហាឱ្យអស់លទ្ធភាពនិងគ្រប់មធ្យោបាយដែលមាន ដោយប្រើប្រាស់គ្រប់វិធានការទាំងអស់ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសតាមបុរាណដ្ឋាន រួមទាំងវិធានការផ្លូវច្បាប់ផងដែរ។
ទី៣. ស្របពេលដែលកម្ពុជាបានចូលជារដ្ឋភាគី នៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្តនិងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ នីតិបុគ្គល និងរូបវ័ន្តបុគ្គលទាំងអស់ ពិសេសប្រជាពលរដ្ឋខ្មែរដែលចូលចិត្តបង្កើតមាតិកា នៅលើប្រព័ន្ធបណ្ដាញសង្គម ដើម្បីទទួលបានការគាំទ្រ ឬដើម្បីគោលដៅផលប្រយោជន៍ផ្ទាល់ខ្លួនផ្សេងៗ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការយកស្នាដៃរបស់អ្នកដទៃ ឬរបស់ជាតិដទៃមកប្រែសម្រួល កែច្នៃឬប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតពីម្ចាស់សិទ្ធិ ឬម្ចាស់ប្រទេស។ កន្លងមក ម្ចាស់សិទ្ធិនៅក្នុងប្រទេសនានា បានប្ដឹងមកប្រទេសកម្ពុជា លើករណីបងប្អូន អ្នកប្រើប្រាស់បណ្ដាញសង្គមបានយកស្នាដៃសិល្បៈបរទេសមកបកប្រែ កែសម្រួល ឬប្រើប្រាស់ ដោយគ្មានការអនុញ្ញាត។ ទោះបីបណ្ដឹងលើការរំលោភបំពានលើកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៅមានតិចករណីនៅឡើយក្ដី ប៉ុន្តែវាក៏ជាសារមួយដែលអ្នកបង្កើតស្នាដៃសិល្បៈវប្បធម៌ទាំងអស់ ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ដើម្បីបង្ការកុំឱ្យមានការខាតបង់ជាយថាហេតុណាមួយកើតឡើង។ ទន្ទឹមគ្នានេះ ខ្ញុំសូមស្នើក្រសួងវប្បធម៌និងវិចិត្រសិល្បៈបន្តផ្សព្វផ្សាយអនុសញ្ញានេះឱ្យបានទូលំទូលាយ ពិសេសដល់ក្រុមហ៊ុន ផលិតកម្ម និងប្រជាពលរដ្ឋដែលនិយមប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមទាំងអស់។
ទី៤. ត្រូវបន្តកែលម្អកម្មវិធីសិក្សា របៀបបង្រៀន និងរៀន ពិសេសចំពោះមុខវិជ្ជាដែលប្រឈមនឹងការបាត់បង់ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ និងសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ដើម្បីបង្កើនគុណភាព និងបរិមាណមូលធនមនុស្សនៅក្នុងវិស័យសិល្បៈវប្បធម៌។ ទន្ទឹមគ្នានេះ ក៏ត្រូវពិនិត្យលទ្ធភាពបើកឱ្យដំណើរការឡើងវិញនូវសាលាវិចិត្រសិល្បៈដែលមានស្រាប់ និងពង្រីកវគ្គបណ្ដុះបណ្ដាលជំនាញសិល្បៈវប្បធម៌ ពិសេសវគ្គបណ្ដុះបណ្ដាលខ្លីៗ ដល់យុវជនដែលកំពុងមានភាពសកម្មខ្លាំងក្នុងការបង្កើតមាតិកាសិល្បៈវប្បធម៌នៅលើប្រព័ន្ធបណ្ដាញសង្គម។
ទី៥. ត្រូវសិក្សាអំពីកាលានុវត្តភាពថ្មីៗ ដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌កម្ពុជា ដូចជា ឥរិយាបថរបស់ប្រជាជនខ្មែរលើការថត Pre-Wedding នៅតាមបុរាណដ្ឋានវប្បធម៌ ពិសេសនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដោយជំរុញ និងសហការជាមួយវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយនិងការរៀបចំស្លៀកពាក់ និងរៀបចំអាកប្បកិរិយាឱ្យបានសមរម្យ និងត្រឹមត្រូវតាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ។ ទន្ទឹមគ្នានេះ ក៏ត្រូវសិក្សាអំពីកាលានុវត្តភាព នៃគោលនយោបាយពាក់ព័ន្ធនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ដូចជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ២០២១-២០២៣ និងការដាក់ឱ្យដំណើរការ “ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា” ដែលអាចជាប្រយោជន៍ ដល់ការជំរុញ និងអភិវឌ្ឍសិប្បកម្មនិងអាជីវកម្មក្នុងវិស័យសិល្បៈវប្បធម៌។
ទី៦. ខ្ញុំសូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា និងសប្បុរសជនទាំងនៅក្នុងនិងក្រៅប្រទេសទាំងអស់ សូមចូលរួមឱ្យបានកាន់តែសកម្មឡើងថែមទៀត តាមរយៈការបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន ដើម្បីជួយអភិរក្សប្រាសាទបុរាណខ្មែរ សំណង់បុរាណ ក៏ដូចជាគម្រោងវប្បធម៌ផ្សេងៗដទៃទៀត។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមធ្វើការកោតសរសើរដោយស្មោះ ចំពោះសប្បុរសជនជាច្រើនកន្លងមក ដែលបានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន រួមចំណែកជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីជួសជុលអភិរក្សប្រាសាទ និងព្រះវិហារបុរាណមួយចំនួន នាពេលកន្លងមក។ សកម្មភាពនេះ មិនត្រឹមតែជាបុណ្យកុសលនោះឡើយ តែក៏ជាគម្រូល្អសម្រាប់សង្គមជាតិយើងផងដែរ។ ក្នុងនោះផងដែរក៏មាន លោកជំទាវឧកញ៉ានាងវិសាខាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ក៏បានចូលរួមចំណែកយ៉ាងច្រើន ក្នុងផ្នែកជួសជុលក្លោងទ្វារតាកាវ ជួសជុលរហាត់ទឹក ជួសជុលប្រាសាទស្រះស្រង់ និងការស្តារបាពើកនៅកសិន្ទុ អង្គរធំខាងលិច ជាដើម ។ល។
ទី៧. ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មីអូមីក្រង់ បាននិងកំពុងរីករាលដាលនៅក្នុង សហគមន៍យើងជាថ្មីម្ដងទៀត ខ្ញុំស្នើតួអង្គក្នុងវិស័យវប្បធម៌និងវិចិត្រសិល្បៈទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣កុំ និង ៣ការពារ និងអនុវត្ត ស្ដង់ដារប្រតិបត្តិ(SOP) ដែលបានដាក់ចេញ ឱ្យបានដិតដល់ ទោះបីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទទួលបានជោគជ័យ គ្របដណ្តប់ទូទាំងប្រទេស ក៏ដោយ។ យើងមិនត្រូវមានការធ្វេសប្រហែសជាដាច់ខាត ចំពោះបញ្ហានេះ៕